បារាំងផ្ដល់ជំនួយឥតសំណងប្រមាណ ៥០ម៉ឺនដុល្លារ ជួយកសាងសមត្ថភាពក្នុងវិស័យអាកាសចរស៊ីវិលនៅកម្ពុជា
សេដ្ឋកិច្ច November 3, 2021 Khmernote

បារាំងផ្ដល់ជំនួយឥតសំណងប្រមាណ ៥០ម៉ឺនដុល្លារ ជួយកសាងសមត្ថភាពក្នុងវិស័យអាកាសចរស៊ីវិលនៅកម្ពុជា នេះបើយោងតាមការចេញផ្សាយរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរសុីវិល។ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល រួមជាមួយលោក Damien CAZE អគ្គនាយកនៃអាជ្ញាធរអាកាសរចរណ៍ស៊ីវិលបារាំង (DGAC) និងលោកស្រី Ophélie BOURHIS នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំនួយបច្ចេកទេសសម្រាប់គម្រោងកសាងសមត្ថភាពក្នុងវិស័យអាកាសចរស៊ីវិល កាលពីទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញ។

តាមរយៈកិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលបារាំងនឹងផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៤៥០,០០០ អឺរ៉ូ (ប្រមាណ ៥០ម៉ឺនដុល្លារ) ដើម្បីអនុវត្តគម្រោងកសាងសមត្ថភាពក្នុងវិស័យអាកាសចរស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា សំដៅធ្វើឲ្យប្រសើឡើង និងលើកកម្ពស់ប្រព័ន្ធសុវត្ថិភាព និងបរិស្ថានអាកាសយានដ្ឋាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបង្កើនភាពទាក់ទាញ អ្នកទេសចរតាមផ្លូវអាកាសមកព្រះរាជាណាចក្រកម្ពុជា តាមរយៈការជួយទៅដល់ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល អនុវត្តបទប្បញ្ញត្តិសុវត្ថិភាពអាកាសចរ និងពង្រឹងនូវលក្ខខណ្ឌសុវត្ថិភាព និងបរិស្ថាននៅក្នុងអាកាសយានដ្ឋាននៃព្រះរាជាណាចក្រកម្ពុជា។

គម្រោងនេះផ្តោតលើការងារអាទិភាពចំនួន ៤ ដូចខាងក្រោម៖
១. ពង្រឹងការគ្រប់គ្រងបរិស្ថានអាកាសយានដ្ឋាន
២. ផ្តល់ការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពលើការថែទាំបច្ចេកទេសអាកាសយាន
៣. ផ្តល់ការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពពេទ្យអាកាសចរ និង
៤. ពង្រឹងសុវត្ថិភាពអាកាសយានដ្ឋាន

សូមជម្រាបផងដែរថា ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានរំលឹកឡើងថា នេះមិនមែនជាជំនួយលើកដំបូងដែលផ្តល់ដោយសាធារណរដ្ឋបារាំងដល់ប្រទេសកម្ពុជាទេ ជាពិសេសក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរអាកាសចរស៊ីវិលនៃប្រទេសទាំងពីរ។ ចាប់តាំងពីឆ្នាំ១៩៩៩ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា និងអាជ្ញាធរអាកាសចរស៊ីវិលបារាំង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំនួយបច្ចេកទេសជាច្រើន ដើម្បីអនុវត្តគម្រោងផ្សេងៗ ដូចជា គម្រោងកសាងសមត្ថភាពតាមរយៈការផ្តល់ការបណ្តុះបណ្តាលរយៈពេលខ្លី និងរយៈពេលវែង ដល់មន្រ្តីបច្ចេកទេស របស់ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កម្ពុជា ការផ្តល់ជំនាញការរយៈពេលខ្លី-វែង ជួយរៀបចំបទប្បញ្ញត្តិបច្ចេកទេស និងឯកសារណែនាំអាកាសចរស៊ីវិល ក៏ដូចជាការជួយសិក្សា និងវិភាគលើផលប៉ះពាល់សេដ្ឋកិច្ចលើវិស័យដឹកជញ្ជូនតាមផ្លូវអាកាសនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ ដែលកិច្ចសហប្រតិបត្តិការទាំងនេះ បង្ហាញពីការប្តេជ្ញាបន្តពង្រឹងភាពជាដៃគូដ៏រឹងមាំ របស់រាជរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទ៖ លីនី