ជប៉ុន ប្រគល់ថយន្តចំនួន ៣៩ គ្រឿង ជាជំនួយសម្រាប់កម្ពុជាពេលធ្វើជាប្រធានអាស៊ានឆ្នាំ២០២២
សេដ្ឋកិច្ច November 1, 2021 Khmernote

យោងតាមការបង្ហោះនៅលើផេកឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីនៃ​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិមុននេះបន្តិចបានឱ្យដឹងថា ជប៉ុនបានផ្ដល់រថយន្តចំនួន ៣៩ គ្រឿងដល់កម្ពុជា។ បើតាមការបង្ហោះរបស់ឯកឧត្តមមានខ្លឹមសារថា៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលរថយន្តចំនួន ៣៩ គ្រឿង ជាជំនួយក្រោមគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម របស់ប្រទេសជប៉ុន សម្រាប់ពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២។

ជាមួយគ្នានេះ ឯកឧត្តមក៏បានបញ្ជាក់នៅលើសំណេរទៀតថា៖ « ខ្ញុំបានចុះហត្ថលេខាជាមួយឯកឧត្តមឯកអគ្គរាជទូត មិកាមិ លើគម្រោងនេះតាំងតែពីខែមីនា ឆ្នាំ២០២០។ គម្រោងជំនួយនេះ គឺពិតជាមានតម្លៃយ៉ាងធំធេងដល់ការបំពេញតួនាទី និងភារកិច្ចរបស់កម្ពុជាប្រកបដោយប្រសិទ្ធភាពក្នុងនាមជាប្រធានអាស៊ាន ជាពិសេស ក្នុងការរៀបចំឡូជីស្ទីក។ កម្ពុជាសូមអរគុណ រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន »៕

អត្ថបទ៖ លីនី