យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា ប្រទេសថៃនឹងចាប់ផ្តើមទទួលភ្ញៀវដែលបានចាក់វ៉ាក់សាំងពេញលេញពីប្រទេសចំនួន ១៧ បន្ថែមទៀតដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក ដែលនេះបង្កើនចំនួនប្រទេសនៅក្នុងបញ្ជីរហូតដល់ចំនួន ៦៣ប្រទេស។
កាលពីថ្ងៃទី ២១ ខែតុលា កន្លងទៅនេះ រដ្ឋាភិបាលបានចេញសេចក្តីប្រកាសមួយដើម្បីអនុញ្ញាតឱ្យអ្នកដំណើរដែលបានចាក់ថ្នាំបង្ការពេញលេញពី ៦៣ ប្រទេស និងដែនដីចូលមកកាន់ប្រទេសថៃ ដោយមិនចាំបាច់ធ្វើចត្តាឡីស័កចាប់ពីថ្ងៃច័ន្ទ ទី០១ ខែវិច្ឆិកា នេះតទៅដោយសន្មត់ថា ពួកគេត្រូវឆ្លងកាត់ការធ្វើតេស្តវីរុស កូវីដ-១៩ នៅពេលចុះចតនៅប្រទេសថៃ។
ជាមួយគ្នានោះដែរ ប្រទេសដែលរួមបញ្ចូលក្នុងសេចក្តីប្រកាសនោះមាន៖ អូស្ត្រាលី អូទ្រីស បារ៉ែន បែលហ្ស៊ិក ប៊ូតង់ ប្រ៊ុយណេ ប៊ុលហ្គារី កម្ពុជា កាណាដា ឈីលី ចិន ស៊ីប សាធារណរដ្ឋឆេក ដាណឺម៉ាក អេស្តូនី ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ក្រិក ហុងកុង ហុងគ្រី អ៉ីស្លង់ អៀរឡង់ អ៊ីស្រាអែល អ៉ីតាលី ជប៉ុន ឡាតវី លីទុយអានី ម៉ាឡេស៊ី ម៉ាល់តា ហូឡង់ នូវែលសេឡង់ ន័រវែស ប៉ូឡូញ ព័រទុយហ្គាល់ កាតា អារ៉ាប៊ីសាអូឌីត សិង្ហបុរី ស្លូវេនី កូរ៉េខាងត្បូង អេស្ប៉ាញ ស៊ុយអែត ស្វីស អារ៉ាប់រួម ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។
ដោយឡែកយោងតាមសេចក្តីប្រកាសថ្មីមួយ ដែលចុះហត្ថលេខាដោយលេខាធិការអចិន្ត្រៃយ៍ទទួលបន្ទុកកិច្ចការបរទេស លោក Thani Thongphakdi ប្រទេសចំនួន ១៧ ថ្មីដែលអនុញ្ញាតឱ្យចូលប្រទេសថៃរួមមាន៖ ឥណ្ឌា តៃវ៉ាន់ ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន ក្រូអាស៊ី ឥណ្ឌូនេស៊ី គុយវ៉ែត ម៉ាល់ឌីវ ម៉ុងហ្គោលី នេប៉ាល់ អូម៉ង់ រូម៉ានី ស្លូវ៉ាគី ប្រទេសស្រីលង្កា វៀតណាម និងលុចសំបួ ហើយប្រទេសទាំងនេះក៏ត្រូវបានលើកលែងពីការធ្វើចត្តាឡីស័កដែរ។
គួរបញ្ជាក់ផងដែរថា សម្រាប់អ្នកទេសចរដែលមិនបានចាក់វ៉ាក់សាំង ឬមិនបានចាក់វ៉ាក់សាំងមិនបានពេញលេញ ក៏អាចធ្វើដំណើរមកកាន់ប្រទេសថៃបានដែរ តែនឹងត្រូវតម្រូវឱ្យធ្វើចត្តាឡីស័កនៅសណ្ឋាគាររយៈពេល ១០ថ្ងៃ៕



អត្ថបទ៖ លីនី
ប្រភព៖ bangkokpost


