តម្លៃប្រេងឥន្ធនៈក្នុងប្រទេសវៀតណាមបានកើនឡើងជាង ៥២% ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលប្រាំពីរឆ្នាំ ជាមួយនឹងអត្រានៅលើពិភពលោកក៏កើនឡើង។ ជាមួយគ្នានេះដែរ ការកើនឡើងនៃតម្លៃប្រេង គឺចំពេលដែលតម្រូវការប្រេងកើនឡើងក្នុងប្រទេស និងនៅក្នុងសេដ្ឋកិច្ចដែលកំពុងបើកដំណើរការឡើងវិញ។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា រដ្ឋាភិបាលបានដំឡើងថ្លៃប្រេងឥន្ធនៈកើនឡើងពី ៤០.២៣% ទៅ ៥២.៥៩% នៅឆ្នាំនេះ ជាមួយនឹងការកើនឡើងចុងក្រោយកាលពីថ្ងៃអង្គារ ដែលនាំឱ្យប្រេងឥន្ធនៈឡើងដល់ ២៤,៣៣០ ដុង (១.០៧ ដុល្លារ) ក្នុងមួយលីត្រ ដែលខ្ពស់បំផុតចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៤។
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងក្រសួងហិរញ្ញវត្ថុវៀតណាមបាននិយាយរួមគ្នាថា ចាប់តាំងពីខែមុនមក ប្រទេសវៀតណាមបានដំឡើងថ្លៃប្រេងឥន្ធនៈចំនួនបួនដង ប៉ុន្តែការកើនឡើងរួមគ្នានៅឆ្នាំនេះ នៅតែទាបជាងអត្រាពិភពលោក ដោយសារមូលនិធិស្ថិរភាពតម្លៃប្រេងឥន្ធនៈ។ គួរឱ្យដឹងផងដែរថា វៀតណាមបាននាំចូលឥន្ធនៈតម្លៃ ២.៩៣ ពាន់លានដុល្លារក្នុងរយៈពេល ៩ ខែដំបូង កើនឡើង ១៥.៣% ធៀបនឹងឆ្នាំមុន នេះបើតាមគយវៀតណាម៕



អត្ថបទ៖ លីនី
ប្រភព៖ vnexpress


