ប្រទេសថៃ នៅតែរក្សាផែនការបើកប្រទេសដដែល ទោះបីរកឃើញករណីឆ្លងជំងឺកូវីដ-១៩ វ៉ារ្យ៉ង់ថ្មី Delta Plus ក្នុងប្រទេសក៏ដោយ
ទេសចរណ៍ October 27, 2021 Khmernote

ក្រសួងសុខភាពសាធារណៈបាននិយាយកាលពីថ្ងៃអង្គារថា ការរកឃើញករណីដំបូងនៃជំងឺកូវីដ-១៩ វ៉ារ្យ៉ង់ថ្មី Delta Plus នៅក្នុងប្រទេសថៃ នឹងមិនប៉ះពាល់ដល់ផែនការរបស់ប្រទេសក្នុងការបើកឡើងវិញសម្រាប់ភ្ញៀវទេសចរអន្តរជាតិនៅថ្ងៃទី០១ ខែវិច្ឆិកានោះទេ។

អនុផ្នែកសុខភាពសាធារណៈលោក Sathit Pitutecha បាននិយាយថា៖ « ដោយសារតែមេរោគត្រូវបំលែងខ្លួនគ្រប់ពេលវេលា ទាំងការបំលែងទៅជាជំងឺធ្ងន់ធ្ងរ និងរីករាលដាលកាន់តែលឿន ហើយស៉ាំនឹងថ្នាំដែលព្យាបាល ដូច្នេះការព្យបាល និងទប់ស្កាត់វ៉ារ្យ៉ង់ Alpha និង Delta នៃកូវីដ-១៩ ត្រូវបានចាត់ទុកជារឿងសំខាន់ »។

លោក Sathit បានបន្ថែមថា ការរកឃើញវ៉ារ្យ៉ង់ថ្មី Delta Plus ដែលចាត់ទុកថាជា វ៉ារ្យ៉ង់តិចតួចនៃមេរោគនឹងមិនរំខានដល់ការបើកប្រទេសឡើងវិញដែលបានគ្រោងទុកនោះទេ។ លោកបានបន្តថា ការឆ្លងមេរោគ Delta Plus លើកដំបូងត្រូវបានរាយការណ៍សម្រាប់ជាប្រយោជន៍នៃការធានាតម្លាភាពនៃព័ត៌មានអំពី កូវីដ-១៩ នៅក្នុងប្រទេសថៃ ដែលជាការចាំបាច់សម្រាប់អ្នកទេសចរដែលទៅប្រទេសថៃដើម្បីដឹង។

គួរបញ្ជាក់ផងដែរថា ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ប្រទេសថៃនឹងចាប់ផ្តើមទទួលភ្ញៀវមកពីប្រទេសដែលមានហានិភ័យទាបចំនួន ៤៥ និងតំបន់រដ្ឋបាលពិសេសមួយ ដោយមិនតម្រូវឱ្យពួកគេចំណាយពេលធ្វើចត្តាឡីស័ក ប្រសិនបើពួកគេត្រូវបានចាក់វ៉ាក់សាំងពេញលេញ និងបានធ្វើតេស្តអវិជ្ជមានជំងឺកូវីដ-១៩ មុនពេលធ្វើដំណើរ៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost