រាជរដ្ឋាភិបាល មានគម្រោងចំណាយថវិកាក្នុងឆ្នាំ២០២២ ក្នុងចំនួន ៣២ ៥៧៦,៩ប៊ីលានរៀល និងចំណូលត្រូវបានគ្រោង ក្នុងចំនួន ២៣ ៤៦២,៦ប៊ីលានរៀល
សេដ្ឋកិច្ច October 23, 2021 Khmernote

ក្នុងសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ បានបង្ហាញថា រាជរដ្ឋាភិបាលមានគម្រោងចំណាយថវិកាថ្នាក់ជាតិ ត្រូវបានគ្រោងក្នុងចំនួន ៣២ ៥៧៦,៩ប៊ីលានរៀល (ប្រមាណ ៨ ០១៣ លានដុល្លារអាម៉េរិក) ត្រូវជា ២៦,២៤ភាគរយ នៃផ.ស.ស. ដែលកើនឡើង ៦,៨ភាគរយធៀបនឹងឆ្នាំ២០២១ និងគម្រោងចំណូលថវិកាថ្នាក់ជាតិ ត្រូវបានគ្រោងក្នុងចំនួន ២៣ ៤៦២,៦ប៊ីលានរៀល (ប្រមាណ ៥ ៧៧១ លានដុល្លារអាម៉េរិក) ត្រូវជា ១៨,៩ភាគរយ នៃផ.ស.ស.ដែលកើនឡើង១៧,៧ភាគរយ ធៀបនឹងឆ្នាំ២០២១។

នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ចេញផ្សាយថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។ សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ គឺជាថវិកាឆ្នាំទី៤ នៃអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៦នៃរដ្ឋសភា ដែលត្រូវបានរៀបចំឡើងនៅក្នុងបរិការណ៍ដែលប្រទេសកម្ពុជាកំពុងស្ថិតនៅកណ្ដាលនៃវិបត្តិកូវីដ-១៩នៅឡើយ បន្ទាប់ពីព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ និងការបន្តរីករាលដាលនៃមេរោគកូរ៉ូណាបំប្លែងថ្មីជាបន្តបន្ទាប់ ដែលបានបង្កឱ្យមានផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរដល់សុខភាព សង្គម សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងកំពុងដាក់សម្ពាធកាន់តែធ្ងន់ធ្ងរមកលើថវិកាជាតិ។

សេចក្ដីប្រកាសព័ត៌មានបន្តថា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ វៃឆ្លាត និងម៉ឺងម៉ាត់របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ជាប្រមុខនៃរាជរដ្ឋាភិបាល និងក្នុងឋានៈជាអគ្គមេបញ្ជាការតែមួយនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ត្រូវបានរៀបចំនិងវិភាជន៍សម្រាប់ការអនុវត្តសកម្មភាពអាទិភាព ដែលត្រូវបានកំណត់ក្នុងកម្មវិធីនិងអាទិភាពគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងនោះរួមមានជាអាទិ៍៖ ការទប់ទល់នឹងការរាតត្បាតនិងកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ ការស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចឱ្យស្ទុះងើបឡើងវិញ ដើម្បីបន្តបង្កើតការងារជូនប្រជាជន ជាពិសេសស្រទាប់យុវជន, ផ្ដល់លទ្ធភាពឱ្យប្រជាជនទទួលបានប្រាក់ចំណូលខ្ពស់ឡើងវិញ និងជំរុញបង្កើនចំណូលថវិកាជាតិ ការបន្តអភិវឌ្ឍន៍ធនធានមនុស្ស ការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការបន្តអភិវឌ្ឍន៍ងបង្កើនតម្លៃបន្ថែមនៃវិស័យកសិកម្ម ការកសាងប្រព័ន្ធគាំពារសង្គមរឹងមាំ និងប្រព័ន្ធសុខាភិបាលប្រកបដោយគុណភាពនិងមានភាពឆ្លើយតបខ្ពស់ ការលើកកម្ពស់គុណភាពនៃការផ្ដល់សេវាសាធារណៈ ក៏ដូចជាកែលម្អប្រព័ន្ធអប់រំកាន់តែមានគុណភាពខ្ពស់, និងការអនុវត្តកម្មវិធីកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ។

លើសពីនេះទៀត ថវិកាឆ្នាំ២០២២ ក៏ជាថវិកាដែលត្រូវធានាដល់ជោគជ័យនៃការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏ដូចជាការបំពេញកាតព្វកិច្ចតំបន់និងអន្តរជាតិរបស់កម្ពុជា ពិសេសក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២។ ក្នុងន័យនេះ ថវិកាឆ្នាំ២០២២ អាចប្រសិទ្ធនាមបានថាជា “ថវិកាសម្រាប់បន្តការប្រយុទ្ធប្រឆាំង និងការកសាងសមត្ថភាពរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីថ្មី ដើម្បីបន្តប្រយុទ្ធការពារអាយុជីវិតប្រជាជន រក្សាលំនឹងសង្គម-សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន ព្រមជាមួយនឹងការតម្រង់ធនធានឆ្ពោះទៅស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ” ។

គួរបញ្ជាក់ដែរថា សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ត្រូវបានរៀបចំឡើងដោយ មាន៥ជំពូកនិង១៤មាត្រា ហើយត្រូវបានសម្រេចឯកភាពដោយអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នៅវិមានសន្តិភាព ទីស្ដីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន