អ្នករស់នៅទីក្រុង ម៊ែលបន ដែលជាទីក្រុងធំទីពីររបស់ប្រទេសអូស្ត្រាលី បានប្រមូលផ្តុំគ្នានៅហាងស្រា និងភោជនីយដ្ឋាននៅព្រឹកថ្ងៃសុក្រ នេះ បន្ទាប់ពីទីក្រុងបានដកការចាក់សោរ (Lock Down) រយៈពេលសរុបរហូតដល់ ២៦២ថ្ងៃ ដែលជារយៈពេលនៃការចាក់សោរទីក្រុងដ៏យូរបំផុតមួយនៅលើពិភពលោក។
សំឡេងហ៊ោកញ្ជ្រៀវ ទះដៃ និងសម្លេងស៊ីផ្លេរថយន្តបានបន្លឺឡើងពេញទីក្រុង ខណៈដែលទីក្រុង ម៊ែលបន បានដកចេញពីការបិទទ្វារនៅម៉ោង ១១:៥៩ យប់។ កាលពីថ្ងៃព្រហស្បតិ៍ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ការដកការចាក់សោរនេះ គឺបន្ទាប់ពីរដ្ឋ Victoria ដែលក្នុងនោះមានទីក្រុង ម៊ែលបន ជារដ្ឋធានី បានទទួលការចាក់ថ្នាំបង្ការពេញលេញសម្រាប់អ្នកស្រុក ៧០% ដែលមានអាយុចាប់ពី ១៦ឆ្នាំឡើងទៅ។
លោក Daniel Andrews នាយករដ្ឋមន្ត្រីនៃរដ្ឋ Victoria បានប្រាប់អ្នកសារព័ត៌មានថា រដ្ឋបានបញ្ចប់ការចាក់សោរនៅក្នុងទីក្រុង ហើយអាចចាប់ផ្តើមជំហានដើម្បីបើករដ្ឋយ៉ាងពេញលេញឡើងវិញ នេះបើយោងតាមរបាយការណ៍របស់ ABC News ។ លោក Andrews ត្រូវបានគេដកស្រង់សម្តីថា៖ «ថ្ងៃនេះជាថ្ងៃមួយដើម្បីនិយាយអរគុណទៅកាន់ប្រជាជន រដ្ឋ Victoria ជាង ៥.១ លាននាក់ ដែលបានចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូស ហើយឥឡូវនេះមានជាង ៧០% នៃប្រជាជន ក្នុងរដ្ឋ Victoria ដែលបានវ៉ាក់សាំងគ្របចំនួនដូស លោកមានមោទនភាពចំពោះប្រជាជនគ្រប់រូបដែលបានតស៊ូនឹងវីរុសនេះណាស់ »។
យ៉ាងណាមិញ ក្រោមការបន្ធូរបន្ថយការរឹតបន្តឹងនៅទីក្រុង ម៊ែលបន ភោជនីយដ្ឋាន ហាងធ្វើសក់ និងកន្លែងកម្សាន្តខាងក្រៅបានបើកឡើងវិញ ដោយមានកម្រិតកំណត់ចំនួនតឹងរ៉ឹង ហើយអ្នកស្រុកលែងស្ថិតនៅក្រោមបម្រាមគោចរពេលយប់ និងការកំណត់ការធ្វើដំណើរ ១៥ គីឡូម៉ែត្រទៀតហើយ ប៉ុន្តែការពាក់ម៉ាសនៅតែត្រូវអនុវត្តទាំងនៅក្នុងផ្ទះ និងខាងក្រៅ។
គួរបញ្ជាក់ផងដែរថា រដ្ឋ Victoria បានដកការចាក់សោរទីក្រុង ម៊ែលបន ខណៈដែលការឆ្លងជំងឺនៅក្នុងរដ្ឋនៅតែមាន។ ជាក់ស្ដែងកាលពីថ្ងៃសុក្រ ទូក្រុងនេះបានរាយការណ៍ពីការឆ្លងថ្មីចំនួន 2,189 និងការស្លាប់ 16 នាក់ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ។ ជាមួយគ្នានេះដែរ ការរឹតបន្តឹងដែលបានធ្វើឡើងតាំងពីដើមខែសីហា ធ្វើឱ្យទីក្រុង ម៊ែលបន ក្លាយជាទីក្រុងដែលជាប់គាំងយូរបំផុតរបស់ពិភពលោក ដោយបានស៊ូទ្រាំនឹងការស្នាក់នៅផ្ទះសរុបចំនួន ២៦២ ថ្ងៃ ក្នុងអំឡុងពេលនៃការចាក់សោរចំនួន ៦ដង ដាច់ដោយឡែកពីគ្នានៃការរាត្បាតរបស់ជំងឺ កូវីដ-១៩ ចាប់តាំងពីខែមីនា ឆ្នាំ២០២០៕
អត្ថបទ៖ លីនី
ប្រភព៖ kyodonews