កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទា​ន​សម្បទានចំនួន ៥៨ លា​នដុល្លារសម្រាប់គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតសៀមរាប
សេដ្ឋកិច្ច October 22, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោកស្រី KAMEI Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា (JICA Cambodia Office)នៅព្រឹកថ្ងៃទី២១ខែ តុលាឆ្នាំ២០២១បានចុះហត្ថលេខា តាមប្រព័ន្ធ Video Conference (VC) លើកិច្ចព្រមព្រៀងឥណទា​ន​សម្បទានបន្ថែម សម្រាប់គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតសៀមរាប (Siem Reap Water Supply Expansion Project – II) ក្នុងទឹកប្រាក់ចំនួន ៦ ៣៣៦ លានយ៉េនជប៉ុន​ (ប្រមាណ​ ៥៨ លា​នដុល្លារអាម៉េរិក) ។

គម្រោងនេះ មានទិសដៅសាងសង់រោងចក្រផលិតទឹកស្អាតមួយ ដែលមានសមត្ថភាពផលិតទឹកស្អា​តបាន ៦០ ០០០ ម៣ ក្នុងមួយថ្ងៃ ដោយយកប្រភពទឹកពីបឹងទន្លេសាប ក្នុងនោះ មានការសាងស​ង់​ប្រព័ន្ធបណ្តាញ-ស្ថានីយបូមទឹក, សាងសង់ប្រព័ន្ធចែកចាយទឹក និងសាងសង់រោងចក្រប្រ​ព្រឹ​ត្ត​កម្មទឹកស្អាត ។ គម្រោងនឹងដើរ តួនាទីយ៉ាងសំខាន់ ក្នុងការផ្គត់ផ្គង់ និងចែកចាយប្រព័ន្ធទឹកស្អា​ត​ជូនដល់ប្រជាពលរដ្ឋ ទូទាំងក្រុងសៀមរាបទាំងមូល ។

កិច្ចព្រមព្រៀងឥណទានសម្បទាន ដែលត្រូវបានចុះហត្ថលេខានៅពេលនេះ គឺជា​ឯកសារគតិយុត្តិមួ​យទៀត បន្ទាប់ពីលិខិតប្តូរសារដែលបានចុះហត្ថលេខា កាលពីថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២១ ក​ន្ល​ងទៅ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងស្ថានទូតជប៉ុនប្រចាំនៅ​កម្ពុជា ។

សមិទ្ធិផលដែលទទួលបានពីគម្រោងនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយដល់រាជរដ្ឋាភិ​បាលកម្ពុជាឱ្យសម្រេច “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ” លើវិស័យផ្គត់ផ្គង់ទឹកស្អាត តាមរយៈកា​រគាំទ្រដល់រដ្ឋាករ ទឹកស្វយ័តសៀមរាប ដែលឆ្លើយតបយ៉ាងជាក់ច្បាស់ទៅនឹងសេចក្តីត្រូវការជាអា​ទិភាពរបស់កម្ពុជាក្នុងការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ស្របទៅនឹងមុំទី ១ នៃចតុកោណទី ៤ ដូ​​ចមានចែងក្នុងឯកសារយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា ។

ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយ នៅក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត រដ្ឋាភិបាលជប៉ុន តាមរយៈ J​ICA តែងតែប្រកាន់ភ្ជាប់នូវវិធីសាស្រ្តអភិវឌ្ឍន៍ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ក្នុងការព​ង្រឹ​ង​ពង្រីកភាពជាដៃគូជាយុទ្ធសាស្ត្រ រយៈពេលវែង ជាមួយរាជរដ្ឋាភិបាលកម្ពុជា ។

ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយ នៅក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត JICA តែងតែប្រកាន់ភ្ជាប់ នូ​វ​ការអនុវត្តគម្រោង ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ក្នុងភាពជាដៃគូជាយុទ្ធសាស្ត្ររយៈពេលវែ​ង​ជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យប្រជាជនគ្រប់រូបទទួលបាននូវទឹកដែលស្អាត និងមានសុ​វ​ត្ថិភាពប្រើប្រាស់ ។ លោកស្រី ប្រធាន JICA បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរបស់រាជដ្ឋាភិបា​លកម្ពុជា ក្នុងការអនុវត្ត គម្រោងដ៏សំខាន់នេះ ។​ លោកស្រីក៏បានឱ្យដឹងផងដែរថា JICA បានប​ន្ត​​ជួយដល់រដ្ឋាករទឹកស្វយ័តសៀមរាប តាមរយៈគម្រោងមួយទៀត​គឺ ​គម្រោងលើកកម្ពស់សេវាទឹ​ក​ស្អាត និងអនាម័យ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ផងដែរ​ ដែលនេះជាគម្រោងសហប្រតិបត្តិការប​ច្ចេ​កទេសក្នុងគ្រាអាសន្ន ហើយគម្រោងនេះនឹងផ្តល់ជាសម្ភារ និងសារធាតុគីមី សម្រាប់ផ្គត់ផ្គង់ទឹ​ក​​ស្អាតដែលធានាគុណភាពទឹក ឱ្យស្របតាមស្តង់ដារគុណភាពថ្នាក់ជាតិ​ក្នុង បរិបទនៃជំងឺកូវីដ-១៩ ។

ក្នុងឱកាសនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណយ៉ា​ង​​ជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលជប៉ុន តាមរយៈ JICA ដែលកន្ល​ងមក តែងតែយកចិត្តទុកដាក់ រួ​ម​​​សុខទុក្ខជាមួយកម្ពុជាគ្រប់កាលៈទេសៈ ជាពិសេស ស្ថិតក្នុងបរិការណ៍នៃការរីករាលដាលនៃជំ​ងឺ​​កូ​វីដ-១៩ ដែលថ្មីៗនេះ រដ្ឋាភិបាលជប៉ុនទើបតែបានបន្តសន្យាផ្តល់​ហិរញ្ញប្បទាន​ឥតសំណងដែ​ល​មា​ន​ទឹកប្រាក់ ១ ៦០០ លានយ៉េន សម្រាប់​កម្មវិធី​អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដល់​រាជរដ្ឋាភិបា​លក​ម្ពុ​ជា ដែលសកម្មភាពទាំងនេះ គឺជាសក្ខីភាព ប្រកបដោយកាយវិការដ៏ប្រពៃ និងសមានចិត្តដ៏ថ្លៃថ្លា រប​ស់ភាគីមិត្ត ជាពិសេស ការជឿទុកចិត្ត និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោ​មការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី៕

ប្រភព៖ ក្រសួងព័ត៌មាន