តម្លៃប្រេង កើនឡើងខ្ពស់មិនធ្លាប់មានក្នុងរយៈពេល ៧ឆ្នាំនៅទីក្រុងញូវយ៉កនិងប្រទេសជប៉ុន​ បង្កផលប៉ះពាល់ដល់អារម្មណ៍ប្រជាជន
សេដ្ឋកិច្ច October 21, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK បានឱ្យដឹងថា តម្លៃប្រេងឆៅបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលប្រាំពីរឆ្នាំ នៅក្នុងការជួញដូរនៅទីក្រុងញូវយ៉ក ដោយសារការកើនឡើងនៃតម្រូវការនៅតែបន្តលើសពីការផ្គត់ផ្គង់។ ជាមួយគ្នានេះដែរ ប្រជាជននៅប្រទេសជប៉ុន កំពុងមានអារម្មណ៍មិនល្អពីផលប៉ះពាល់នៃការផ្គត់ផ្គង់។

បើតាមប្រភព បានឱ្យដឹងថា សន្ទស្សន៍ថ្លៃប្រេង WTI នាថ្ងៃពុធ បានឡើងដល់ ៨៤ ដុល្លារក្នុងមួយបារ៉ែល។ តម្រូវការប្រេងមានកាន់តែខ្លាំងឡើង ខណៈដែលសេដ្ឋកិច្ចនៅអាមេរិក និងអឺរ៉ុប ងើបឡើងវិញពីការធ្លាក់ចុះនៃជំងឺរាតត្បាត ប៉ុន្តែការផលិតប្រេងឆៅ មិនបានរក្សាដំណើរការបានយូរទេ។

ទន្ទឹមនឹងនេះដែរ តម្លៃឧស្ម័នធម្មជាតិ ក៏ហក់ឡើងផងដែរ ដែលនេះកាន់តែបង្កើនតម្រូវការប្រេងថែមទៀត ដើម្បីជាប្រភពថាមពល។ យ៉ាងណាមិញ ប្រជាជននៅប្រទេសជប៉ុនកំពុងមានអារម្មណ៍មិនល្អ ពីផលប៉ះពាល់នៃការផ្គត់ផ្គង់ ខណៈតម្លៃប្រេងសាំងនៅក្នុងប្រទេសនេះ បានកើនឡើងខ្ពស់ក្នុងរយៈពេល ៧ ឆ្នាំកាលពីដើមសប្តាហ៍នេះ៕

អត្ថបទ៖ លីនី
ប្រភព៖ nhk