រយៈពេល ៩ខែឆ្នាំនេះ កម្ពុជានាំចេញអង្ករសរុបចំនួន ៤១០ ៦៩៨ តោនទៅកាន់ទីផ្សារតំបន់និងពិភពលោក ថយចុះគួរឱ្យកត់សម្គាល់
សេដ្ឋកិច្ច October 20, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារតំបន់ និងពិភពលោក រយៈពេល៩ខែនេះ សរុបបានចំនួន ៤១០ ៦៩៨តោន មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដោយសារជួបបញ្ហាប្រឈមធំៗជាច្រើន។ យោងតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា គិតត្រឹមរយៈពេល៩ខែឆ្នាំ២០២១ បរិមាណនាំចេញសរុបមានចំនួន ៤១០ ៦៩៨ តោន ដែលមានការថយចុះចំនួន ៧៨ ០៧៧តោន ( -១៥,៩៧ភាគរយ ) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២០ ដែលមានចំនួន ៤៨៨ ៧៧៥តោន។

តាមការបញ្ជាក់ពីសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) មូលហេតុនៃការធ្លាក់ចុះការនាំចេញអង្ករគឺ បណ្តាលមកពីកត្តាចម្បងធំៗរហូតដល់៣ចំណុច មានដូចខាងក្រោម ៖

(១)-បញ្ហាការដឹកជញ្ជូនតាមកប៉ាល់បានឡើងថ្លៃយ៉ាងខ្លាំង ដែលបាននិងកំពុងដាក់សម្ពាធលើការនាំចេញអង្កររបស់កម្ពុជា។ តម្លៃនៃការដឹកជញ្ជូនបានកើនពី៥ទៅ៦ដង ឬ ពី ១៥០០ដុល្លារ ទៅ ៧០០០-៨០០០ ដុល្លារក្នុង១កុងតឺន័រ (២០ហ្វីត) ដែលតម្លៃដឹកជញ្ជូនពេលនេះស្ទើរតែស្មើនឹងតម្លៃអង្ករ១កុងតឺ ន័រ ដែលជាហេតុធ្វើឱ្យអ្នកទិញ មិនបង្ខំ ឬ ដាក់បញ្ជាទិញច្រើន ព្រោះខ្លាចពេលតម្លៃការដឹកជញ្ជូនចុះថោក ហើយស្តុកចាស់លក់មិនអស់នាំឱ្យខាតបង់ធ្ងន់ធ្ងរ ការបញ្ជាទិញសម្រាប់តែតម្រូវការទីផ្សារជាក់ស្តែង មិនស្តុកទុកច្រើន ។

(២)-ការដឹកជញ្ជូនក៏ជួបបញ្ហាកង្វះទូរកុងតឺន័រផ្ទុកទំនិញចំណុះ២០ហ្វីត (ជាស្តង់ដារទូរកុងតឺន័រផ្ទុកអង្ករចេញពីកម្ពុជា) ដោយសំបកកុងតឺន័រប្រភេទនេះភាគច្រើនបានជាប់គាំងនៅតាមកំពង់ផែ និងទីលាននានាក្នុងសហគមន៍អ៊ឺរ៉ុប ដោយសារការរីករាលដាលកូវីដ-១៩ បានធ្វើឱ្យខ្សែច្រវាក់ដឹកជញ្ជូននៅក្នុងទីផ្សារសហគមន៍អ៊ឺរ៉ុបរាំងស្ទះ (ខ្វះកម្មករនិងអ្នកបើកឡាន ដឹកកុងតឺន័រជាដើម) ។

(៣)-មិនមាន Shipping Space គ្រប់គ្រាន់សម្រាប់ដឹកអង្ករចេញ ដោយសារអង្ករជាទំនិញធ្ងន់។ ក្រុមហ៊ុនកប៉ាល់មានជើងធ្វើដំណើរចំនួនតិចជាងមុន ដោយក្រុមហ៊ុនកប៉ាល់ផ្តល់ជម្រើសដឹកទំនិញស្រាលច្រើន ហើយទំនិញធ្ងន់ដូចជាអង្ករមានចំនួនកំណត់មួយ ។ ជាក់ស្តែង កម្ពុជាត្រូវការSpaceលើកប៉ាល់ចន្លោះពី ៣៥០ ទៅ ៤០០ ទូរកុងតឺន័រក្នុងមួយសប្តាហ៍សម្រាប់ពីកំពង់ផែមេ ដូចជា សិង្ហបូរី ទៅកាន់កំពង់ផែនៅសហគមន៍អ៊ឺរ៉ុប តែការផ្តល់ឱ្យសម្រាប់អង្ករ ឬទំនិញធ្ងន់ដទៃទៀតបានត្រឹមតែ ១០០ ទៅ ១៥០ ទូរកុងតឺន័រតែ ប៉ុណ្ណោះក្នុងមួយសប្តាហ៍ ។

(៤)-ព្រមគ្នាជាមួយនឹងបញ្ហាប្រឈមក្នុងការដឹកជញ្ជូនខាងលើនេះ ការនាំចេញអង្ករក៏បាននិងកំពុងរងឥទ្ធិពលនៃការធ្លាក់ ចុះតម្លៃទីផ្សារពិភពលោកនៃអង្ករក្រអូបផងដែរ ។ ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩នេះ តម្រូវការទីផ្សារអង្ករក្រអូបមានការធ្លាក់ចុះជាគំហុក ដែលនាំឱ្យតម្លៃអង្ករក្រអូបនៅ លើពិភពលោកបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ បើធៀបនឹងប្រភេទអង្ករសធម្មតា គឺពីជាង ៨០០ ដុល្លារក្នុងតោន ធ្លាក់មកត្រឹម ៦៥០ ដុល្លារក្នុងតោន។ គួរកត់សម្គាល់ថា ប្រមាណ៨០ ភាគរយនៃបរិមាណអង្ករនាំចេញ របស់កម្ពុជា ជាប្រភេទអង្ករក្រអូប ៕

ប្រភព៖ ក្រសួងព័ត៌មាន