កម្ពុជារំពឹងថា វិស័យទេសចរណ៍ខេត្តសៀមរាបនឹងវិលទៅរកភាពប្រសើរឡើងវិញ
ទេសចរណ៍ October 20, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន រាជរដ្ឋាភិបាលកម្ពុជា បង្ហាញសុទិដ្ឋិនិយមថា វិស័យទេសចរណ៍ខេត្តសៀមរាបនឹងវិលទៅរកភាពប្រសើរឡើងវិញ បន្ទាប់ពីគោលដៅតំបន់ទេសចរណ៍ទាំង ៦មានដូចជា៖ តំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន្ម-នរោត្តមភ្នំគូលែន តំបន់ទេសចរណ៍ជុំវិញតំបន់ការពារប្រាសាទបន្ទាយ ស្រី តំបន់ទេសចរណ៍អង្គរ តំបន់ទេសចរណ៍ក្រុងសៀមរាប តំបន់ទេសចរណ៍បឹងទន្លេសាប និងតំបន់ទេសចរណ៍សៀមរាបថ្មី ត្រូវបានអភិវឌ្ឍន៍ដើម្បីបង្កើនភាពពេញចិត្ត និងភាពទាក់ទាញដល់ភ្ញៀវទេសចរ។

ថ្លែងក្នុងពិធីដាក់អនុវត្តផែនការ មេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១- ២០៣៥ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីអូន ព័ន្ធមុនីរត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ បានជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាផ្នែកឯកជន រួមគ្នាពង្រឹងលក្ខណៈសម្បត្តិរបស់ខេត្តសៀមរាបក្នុងការទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុង និងភ្ញៀវទេសចរអន្តរជាតិដូចជាការបញ្ចប់គម្រោងកែលម្អផ្លូវទាំង៣៨ ខ្សែ ក្នុងក្រុងសៀមរាប រួមជាមួយផ្លូវសម្រាប់រថយន្តទេសចរណ៍ ផ្លូវសម្រាប់ជិះម៉ូតូ ផ្លូវសម្រាប់ជិះកង់ ផ្លូវសម្រាប់ថ្មើរជើង ពន្លឿនការអភិវឌ្ឍកំពង់ផែចុងឃ្នាស ពង្រឹងការគ្រប់គ្រងលំហូរភ្ញៀវក្នុងតំបន់អង្គរតាមគន្លងប្រក្រតីភាពថ្មី និងការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ផ្សេងៗទៀត ដើម្បីបង្កើនភាពទាក់ទាញនៃខេត្តសៀមរាបទាំងមូល ដែលមានលើសពីការទស្សនាប្រាសាទ សំដៅចូលរួមស្តារវិស័យទេសចរណ៍ ក្រោយវិបត្តិជំងឺកូវីដ១៩។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា ការមកដល់ទេសចរអន្តរជាតិ រួមចំណែកទាំងការជួយដល់កំណើនសេដ្ឋកិច្ចជាតិ និងចំណូលដោយផ្ទាល់ដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ទេសចរណ៍។

តាមការឱ្យដឹងរបស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សារៀបចំផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប បានបញ្ជាក់ថា ក្រសួងបានដាក់ចេញគោលដៅយុទ្ធសាស្ត្រចំនួន៧ ដែលទី១-ការអភិវឌ្ឍតំបន់ទេសចរណ៍អាទិភាពនៅខេត្តសៀមរាប, ទី២-ការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ, ទី៣-ការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍មកខេត្តសៀមរាប, ទី៤-ការពង្រឹងគុណភាព និងនិរន្តរភាពនៃការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប, ទី៥-ការគ្រប់គ្រងបរិស្ថាននៅខេត្តសៀមរាប, ទី៦-ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងការតភ្ជាប់គាំទ្រវិស័យទេសចរណ៍នៅខេត្តសៀមរាប និងទី៧-ការពង្រឹងអភិបាលកិច្ចសម្រាប់ទ្រទ្រង់ការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តសៀមរាបដោយឈរលើអភិក្រមនៃការចូលរួម។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានព្យាករថា នៅឆ្នាំ២០៣៥ ភ្ញៀវទេសចរអន្តរជាតិកើនឡើងប្រមាណ៧,៥លាននាក់ និងភ្ញៀវទេសចរជាតិកើនឡើងប្រមាណ១០,៩លាននាក់ ព្រមទាំងបង្កើតចំណូលបានប្រមាណ៥,៩ពាន់លានដុល្លារ និងបង្កើតការងារដោយផ្ទាល់ប្រមាណ៩៤ម៉ឺននាក់ នៅពេលមានការពន្យារការស្នាក់នៅរបស់ភ្ញៀវទេសចរអន្តរជាតិចំនួន៥ថ្ងៃកន្លះ និងភ្ញៀវទេសចរជាតិ៣ថ្ងៃ៕

ប្រភព៖ ក្រសួងព័ត៌មាន