ជំនន់ទឹកស្ទឹងសង្កែ បីថ្ងៃ លិចផ្ទះប្រជាពលរដ្ឋជាង ២ពាន់ខ្នង និងផលដំណាំជាង២៣២ហិកតា
សេដ្ឋកិច្ច October 19, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងនៅថ្ងៃចន្ទ ទី១៨ ខែតុលា ឆ្នាំ២០២១ថា ត្រឹមតែរយៈពេល៣ថ្ងៃ គីចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១កន្លងមក ដោយសារខេត្តបាត់ដំបងបានទទួលរងនូវព្យុះកំណាចមួយបានបោកបក់ មកលើតំបន់ខ្ពង់រាប នៅតំបន់ក្បាលស្ទឹងសង្កែ និង លិចតាមបណ្តាស្ទឹងនានានៅភាគខាលើ បណ្តាលឱ្យលិចផ្ទះប្រជាពលរដ្ឋជាង ២ពាន់ខ្នង និងផលដំណាំជាង ២៣២ហិកតា។

លោក សឿម ប៊ុនរិទ្ធិ បានឱ្យដឹងទៀតថា ទឹកជំនន់រយៈពេលបីថ្ងៃនេះ បានបង្កនូវផលប៉ះពាល់លំនៅឋានរបស់ប្រជាពលរដ្ឋសរុបចំនួន ២ ៤៦០ខ្នងផ្ទះ ផលដំណាំឧស្សាហកម្ម ដំណាំបន្លែ និងដំណាំរួមផ្សំ សរុបចំនួនជាង ២៣២ហិកតា ផ្ទៃដីដំណាំស្រូវចំនួន ១ ៣០០ហិកតា ហើយដំណាំស្រូវកំពុងច្រូតចំនួន ១៣ហិកតា លិចម៉ាស៊ីនបូមទឹកចំនួន៣៧គ្រឿង ផ្លូវលំប្រវែង ១៦ ១០០ម៉ែត្រ និងផ្លូវកៅស៊ូប្រវែង ១ ១ ២០០ម៉ែត្រ។

លោកអភិបាលរងខេត្ត បន្តថា ពេលនេះទឹកជំនន់ទឹកស្ទឹងសង្កែ បានធ្វើឱ្យស្រុក-ក្រុងចំនួន៦ បានទទួលរងនូវផលប៉ះពាល់ រួមមាន៖ ស្រុកសំឡូត, រតនមណ្ឌល, បាណន់, សង្កែ ក្រុងបាត់ដំបង, និង ស្រុកឯកភ្នំ ។ ដែលរហូតមកដល់ពេលនេះស្ថានភាពជំនន់ទឹកភ្លៀងដងស្ទឹងសង្កែ បានស្រកបណ្ដើរវិលត្រឡប់ទៅប្រក្រតីវិញហើយ ៕

ប្រភព៖ ក្រសួងព័ត៌មាន