ប្រជាជនថៃ ភាគច្រើនប្រឆាំងនឹងផែនការបើកប្រទេសឡើងវិញនៅថ្ងៃទី ១ ខែវិច្ឆិកា​ខាងមុខនេះ
សេដ្ឋកិច្ច October 18, 2021 Khmernote

យោងតាមការស្ទង់មតិនាពេលថ្មីៗនេះ បានបង្ហាញថា ប្រជាជនថៃភាគច្រើនប្រឆាំងនឹងការបើកប្រទេសឡើងវិញ ព្រោះពួកគេខ្លាចភ្ញៀវទេសចរអាចនឹងមកឆ្លងមេរោគថ្មី ខណៈប្រជាជនក្នុងតំបន់មិនទាន់បានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ពេញលេញទេ។ ការស្ទង់មតិ Suan Dusit បានសួរអ្នកឆ្លើយសំណួរចំនួន ១,៣៩២នាក់ ពីអ្វីដែលពួកគេគិតអំពីផែនការរបស់នាយករដ្ឋមន្រ្តីប្រាយុទ្ធចាន់អូចា ដើម្បីបើកប្រទេស ទទួលភ្ញៀវទេសចរបរទេសដែលចាក់វ៉ាក់សាំងរួចរាល់ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកាតទៅ។

ក្នុងនោះ អ្នកឆ្លើយតបភាគច្រើន (៥៩.៨៦%) បានបដិសេធផែនការនេះ ខណៈ ៦០.១០% បាននិយាយថា វាមិនមែនជាពេលវេលាត្រឹមត្រូវដើម្បីបើកប្រទេសឡើងវិញទេ។ ជាមួយគ្នានេះ អ្នកឆ្លើយតបក៏បាននិយាយផងដែរថា ប្រទេសថៃគួរតែបើកទ្វារឱ្យជនបរទេសតែប្រសិនបើប្រជាជនជាង ៧០% ត្រូវបានចាក់វ៉ាក់សាំង ការផ្ទុះឡើងត្រូវបានគ្រប់គ្រង ហើយមណ្ឌលសុខភាពសាធារណៈត្រូវបានរៀបចំដើម្បីទប់ទល់នឹងការប្រែប្រួលថ្មីនៃមេរោគនេះ។

ជាងនេះទៅទៀតការស្ទង់មតិនេះ ក៏បានបង្ហាញផងដែរថា ម្ចាស់អាជីវកម្ម និងនិយោជិតភាគច្រើន ចង់ឱ្យប្រទេសនេះត្រូវបានបើកឡើងវិញ បើទោះបីជាក្រុមចុងក្រោយនេះមានការព្រួយបារម្ភអំពីការឆ្លងថ្មីក៏ដោយ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand