ខេត្តមួយនេះសំណាងណាស់ ខណៈក្រុមអ្នកវិនិយោគចិន កំពុងសិក្សាឱកាសបង្កើតរោងចក្រកែច្នៃត្រីនៅក្នុងខេត្ត
សេដ្ឋកិច្ច October 16, 2021 Khmernote

ក្រុមអ្នកវិនិយោគចិន បាននឹងកំពុងសិក្សាឱកាសវិនិយោគ ក្នុងវិស័យកសិកម្ម តាមរយៈការបង្កើតរោងចក្រកែច្នៃត្រី នៅក្នុងខេត្តកំពង់ឆ្នាំង ដែលអាចចូលរួមចំណែកដោះស្រាយបញ្ហាតម្លៃ និងការកកស្ទះត្រីនៅក្នុងស្រះ នេះបើតាមការឱ្យដឹងពីលោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។

នៅក្នុងកិច្ចពិភាក្សានេះ ក្រុមអ្នកវិនិយោគជនជាតិចិនបានចូលរួម ហើយពួកគេបានបង្ហាញបំណង ក្នុងការសិក្សាឱកាសវិនិយោគ ក្នុងវិស័យកសិកម្ម នៅក្នុងខេត្តកំពង់ឆ្នាំង។ លោកបានបន្ថែមថា ក្រុមវិនិយោគគិនចិន សម្លឹងឱកាសវិនិយោគនៅក្នុងខេត្តកំពង់ឆ្នាំង ដោយសារខេត្តនេះសម្បូរត្រី និងជាខេត្តជាប់ទន្លេសាប ដែលងាយស្រួលនៅក្នុងការចិញ្ចឹមត្រី។

លោកសង្ឃឹមថា វត្តមានរោងចក្រកែច្នៃត្រីនៅខេត្តកំពង់ឆ្នាំង ដែលចិនកំពុងសិក្សាក្នុងការបង្កើតនេះ នឹងជួយដល់វិស័យចិញ្ចឹមត្រីនៅកម្ពុជា ជាពិសេសជួយទីផ្សារ និងតម្លៃត្រីរបស់កសិករ។ លោកបញ្ជាក់ថា «គាត់គ្រោងបោះទុន ទៅធ្វើរោងចក្រកែច្នៃត្រី ហើយគាត់ភ្ជាប់ជាមួយកសិករចិញ្ចឹមត្រីនៅតំបន់។ គាត់ក៏មានរោងចក្រផលិតចំណីត្រី ចំណីសត្វនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញដែរ គាត់ចង់វិនិយោគបន្ថែមទៅលើកែច្នៃត្រី។ សង្ឃឹមថា វាអាចជួយសម្រួលរឿងតម្លៃត្រី ព្រោះជាធម្មតាទេ រោងចក្រកែច្នៃជាទីផ្សារសម្រាប់លក់ត្រីស្រស់ សង្ឃឹមថា មានរោងចក្រកែច្នៃច្រើន ត្រូវបញ្ហាត្រីនៅយើងដោះបានច្រើន»។

បន្ទាប់ពីជំនួបពិភាក្សាជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំ លោក កៅ ថាច រួមជាមួយអភិបាលខេត្ត និងក្រុមអ្នកវិនិយោគ បានបន្តដំណើរចុះទស្សនកិច្ចទីតាំងគម្រោងចញ្ចឹមគោមួយកន្លែង ដែលស្ថិតក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង លើផ្ទៃដីប្រមាណ២០០ហិកតា ដែលជំហ៊ានដំបូងវិនិយោគជិតប្រាក់ ១លានដុល្លារ ដើម្បីចិញ្ចឹមគោយកសាច់៕

ប្រភព៖ ក្រសួងព័ត៌មាន