៩ខែ ក្នុងឆ្នាំ២០២១ អគ្គនាយកដ្ឋានគយប្រមូលចំណូលបាន ១,៦៩៩ លានដុល្លារ ថយចុះ ៦.៨% ធៀបនឹងឆ្នាំ២០២០
សេដ្ឋកិច្ច October 16, 2021 Khmernote

ក្នុងរយៈពេល ៩ខែ នៃឆ្នាំ២០២១ នេះ អគរ ប្រមូលចំណូលបានចំនួន ៦,៨៨១.៤ ប៊ីលានរៀល ស្មើនឹង ១,៦៩៩.១ លានដុល្លារ គឺសម្រេចបាន ៧១.៩% នៃផែនការឆ្នាំដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០ ថយចុះប្រមាណ ៦.៨%។

ចំនួននេះត្រូវបានបង្ហាញនៅក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារគយនិងរដ្ឋាករ ប្រចាំ៩ខែ ឆ្នាំ២០២១ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយមានការចូលរួមពីលោក លោកស្រី អគ្គនាយករង ប្រធានលេខាធិការដ្ឋាន ប្រធាននាយកដ្ឋាន ប្រធានសាខា ប្រធានការិយាល័យ និងមន្ត្រីគយនិងរដ្ឋាករមួយចំនួននៅទូទាំងប្រទេស។

បើគិតតាមប្រភេទពន្ធ និងអាករ ឃើញថា អាករលើតម្លៃបន្ថែមមានចំនួន ២,៦១៧.៨ ប៊ីលានរៀល (ត្រូវជាប្រមាណ ៣៨.០%នៃចំណូលសរុប), អាករពិសេសមាន ២,៥៧០.៦ ប៊ីលានរៀល (ត្រូវជា ៣៧.៤%នៃចំណូលសរុប), ពន្ធនាំចូលមាន ១,២៤៣.៥ ប៊ីលានរៀល (ត្រូវជា ១៨.១%នៃចំណូលសរុប), អាករបន្ថែមលើផលិតផលប្រេងមាន ៣១២.០ ប៊ីលានរៀល (ត្រូវជា ៤.៥%នៃចំណូលសរុប), និងអាករនាំចេញនិងកម្រៃផ្សេងៗមាន ១៣៧.២ ប៊ីលានរៀល (ត្រូវជា ២%នៃចំណូលសរុប)។ បើគិតតាមក្រុមទំនិញវិញ ចំណូលពីយានយន្ត និងគ្រឿងចក្រមានចំនួន ២,៨៨២.០ ប៊ីលានរៀល គ្របដណ្តប់ ៤១.៩% នៃចំណូលសរុប, ទំនិញចម្រុះមានចំនួន ១,៩៤៨.២ ប៊ីលានរៀល ត្រូវជា ២៨.៣%នៃចំណូលសរុប, ផលិតផលតេលសិលាមានចំនួន ១,៦២០.៦ ប៊ីលានរៀល ស្មើនឹង ២៣.៥% នៃចំណូលសរុប និង សម្ភារសំណង់និងកម្រៃផ្សេងៗ មានចំនួន ៤៣០.៧ ប៊ីលានរៀល ស្មើនឹង ៦.៣%នៃចំណូលសរុប៕

អត្ថបទ៖ លីនី