ចិន ឈរលំដាប់ទី១ វិនិយោគនៅកម្ពុជាច្រើនជាងគេ មានចំណែកជាង ៦៥% ខណៈអ្នកវិនិយោគក្នុងស្រុកឈរលំដាប់ទី២
សេដ្ឋកិច្ច October 14, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានជាវីដេអូសម្លេងបានឱ្យដឹងថា ចិនឈរលំដាប់ទី១ វិនិយោគនៅកម្ពុជាច្រើនជាងគេ មានចំណែកប្រមាណ ៦៥% ខណៈអ្នកវិនិយោគក្នុងស្រុកឈរលំដាប់ទី២។ នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២១ ចិនឈរនៅលំដាប់លេខរៀងទី ១ ដែលមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាច្រើនជាងគេ ដោយមានទំហំទឹកប្រាក់វិនិយោគជាង ២ពាន់លានដុល្លារ ខណៈដែលកាលពីឆ្នាំ២០២០ ចិនឈរនៅលំដាប់ទី៣ និងឆ្នាំ២០១៩ ឈរនៅលំដាប់ទី២។

​យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា (CDC) បានឱ្យដឹងថា​​ ចាប់ពីខែមករា ដល់ខែកញ្ញា ២០២១ នៅក្នុងចំណោមប្រទេសចំនួន១០ ដែលមកវិនិយោគនៅកម្ពុជា ប្រទេសចិន បានឈរនៅលំដាប់លេខរៀងទី១ ដែលមកវិនិយោគនៅកម្ពុជា នៅក្នុងទឹកប្រាក់ប្រមាណ ២.២ពាន់លានដុល្លារអាមេរិក ដែលជាចំណែក ៦៥.៨៩% នៃការវិនិយោគសរុប។​

សូមបញ្ជាក់ផងដែរថា​ នៅក្នុង​រយៈពេល៩ខែ​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគ សរុបចំនួន ១៣៤គម្រោង សរុបទុនវិនិយោគជាង ៣ ៣៥៨លានដុល្លារអាមេរិក មានការថយចុះ ៥៤ គម្រោងបើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២០ ដែលមាន ១៨៨គម្រោង ទុនវិនិយោគ ៦ ៤៤២លានដុល្លារអាមេរិក។ ​សម្រាប់វិស័យដែលវិនិយោគរយៈពេល ៩ខែឆ្នាំនេះរួមមាន៖ កសិកម្ម និងកសិឧស្សាហកម្ម មានចំនួន ១២គម្រោង, ឧស្សាហកម្ម មានចំនួន ១១១គម្រោង, ទេសចរណ៍មានចំនួន ២គម្រោង និងហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ មានចំនួន៩គម្រោង៕

ប្រភព៖ ក្រសួងព័ត៌មាន