ល្អមែនទែន! ត្រឹមពេលតែ ៩ខែ កម្ពុជានាំ​ចេញកសិផលទៅកាន់គោលដៅរហូតដល់ ៩០ប្រទេស ខណៈវៀតណាមជាប្រទេសនាំចូលច្រើនជាងគេ
សេដ្ឋកិច្ច October 14, 2021 Khmernote

យោងតាមការបង្ហោះនៅលើគណនីរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងរយៈពេល ៩ខែ នៃឆ្នាំ២០២១ នេះ កម្ពុជាបាននាំចេញកសិផលទៅកាន់គោលរហូតដល់ ៩០ប្រទេស។ យោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) របស់អគ្គនាយកដ្ឋានកសិកម្ម នៃកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា លទ្ធផលនៃការនាំចេញកសិផលទៅកាន់ ៩០ប្រទេស នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២១ មានចំនួន ៥,៩៣ លានតោន។

ក្នុងនោះ ការនាំចេញទៅកាន់ ប្រទេសវៀតណាម មានចំនួនច្រើនជាងគេ គឺចំនួន ៦៤,១១% បន្ទាប់មកប្រទេសថៃ មានចំនួន ២១,៤៩% ,ប្រទេសចិន មានចំនួន ៩,៦៩% និងទៅកាន់គោលដៅប្រទេសចំនួន ៨៧ ផ្សេងទៀតមានចំនួន ៤,៧១% តែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា កសិផលដែលបាននាំចេញរួមមាន៖ អង្ករ ស្រូវ ចំណិតដំឡូងមីក្រៀម ដំឡូងមីស្រស់ ម៉្សៅដំឡូងមី កាកសំណល់ដំឡូងមី គ្រាប់ស្វាយចន្ទី គ្រាប់ពោត គ្រាប់សណ្តែកបាយ គ្រាប់សណ្ដែកសៀង ផ្លែចេកស្រស់ ផ្លែក្រូចថ្លុង ផ្លែស្វាយស្រស់ ដំណាប់ស្វាយ ទឹកស៊ីរ៉ូស្វាយ ដូងប្រេង ម្រេច ថ្នាំជក់ ម្ទេសស្រស់ ម្ទេសក្រៀម បន្លែចម្រុះ និងផលិតផលចំនួន ៧៤ មុខ ផ្សេងទៀត៕

អត្ថបទ៖ លីនី