ADB បង្កើនទំហំទឹកប្រាក់ ១០០ពាន់លានដុល្លារ សម្រាប់ការផ្តល់ហិរញ្ញប្បទានអាកាសធាតុដល់ប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងកម្ពុជា
សេដ្ឋកិច្ច October 14, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ បានប្រកាសថា ខ្លួនកំពុងបង្កើនមហិច្ឆតា ក្នុងការផ្តល់ហិរញ្ញប្បទានអាកាសធាតុដល់ប្រទេសកំពុងអភិវឌ្ឍន៍ជាសមាជិករបស់ខ្លួន ក្នុងនោះរួមទាំងកម្ពុជាផងដែរ នូវទឹកប្រាក់ ១០០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០១៩-២០៣០។

លោក Masatsugu Asakawa ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី បានមានប្រសាសន៍ថា ការ ប្រយុទ្ធ ប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនៅអាស៊ី និងប៉ាស៊ីហ្វិកនឹងឈ្នះ ឬក៏ចាញ់ ខណៈ វិបត្តិអាកាសធាតុកាន់តែអាក្រក់ទៅៗជារៀងរាល់ថ្ងៃ ដែលជំរុញឱ្យអ្នកពាក់ព័ន្ធជាច្រើន អំពាវនាវឱ្យមានការបង្កើនហិរញ្ញវត្ថុគាំទ្រ ផ្នែកអាកាសធាតុ។ យើងកំពុងចាត់វិធានការ ដើម្បីឆ្លើយតបតាមការអំពាវនាវនេះ ដោយបង្កើនមហិច្ឆតា របស់យើងដល់ ១០០ ពាន់លានដុល្លារ សម្រាប់ហិរញ្ញវត្ថុអាកាសធាតុ ត្រឹមឆ្នាំ ២០៣០ ដោយប្រើធនធាន របស់យើងផ្ទាល់។

នៅឆ្នាំ២០១៨ ADB បានប្តេជ្ញាធានាយ៉ាងហោចណាស់ ៧៥% នៃចំនួនប្រតិបត្តិការសរុបរបស់ខ្លួនគាំទ្រសកម្មភាពទាក់ទងនឹងអាកាសធាតុ ហើយធនធានហិរញ្ញវត្ថុអាកាសធាតុរបស់ខ្លួនឈានដល់យ៉ាងហោចណាស់ ៨០ ពាន់លានដុល្លារ នៅឆ្នាំ ២០៣០។ ការប្រកាសថ្ងៃនេះបង្កើនមហិច្ឆតានៃការផ្តល់ហិរញ្ញប្បទានទាំងនេះ។ ធនាគារអភិវឌ្ឍន៍អាស៊ីរំពឹងថា ហិរញ្ញប្បទានអាកាសធាតុសរុបដោយប្រើធនធានរបស់ខ្លួនសម្រាប់ឆ្នាំ ២០១៩-២០២១ នឹងឈានដល់ប្រមាណ ១៧ ពាន់លានដុល្លារ។

មហិច្ឆតាហិរញ្ញវត្ថុដែលបានបង្កើននេះ គឺជាផ្នែកសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់ ADB ក្នុងការគាំទ្រដល់ប្រទេស កំពុងអភិវឌ្ឍន៍ជាសមាជិករបស់ខ្លួន (DMCs)។ ជាមួយការប្រឈមមុខនឹងបញ្ហាប្រទាក់ក្រឡាគ្នានៃជំងឺរាតត្បាតកូវីដ១៩ និងវិបត្តិអាកាសធាតុ DMCs ជាច្រើនកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីលើកកម្ពស់ការងើបឡើងវិញប្រកបដោយភាព បៃតង ធន់ និងបរិយាប័ន្ន។ ថវិកាចំនួន២០ ពាន់លានដុល្លារបន្ថែមនេះ នឹងផ្តល់ការគាំទ្រដល់របៀបវារៈអាកាសធាតុនៅក្នុង វិស័យសំខាន់ៗចំនួន ៥។ តាមរយៈវិស័យទាំងនេះ ADB នឹងបន្តពង្រីកលទ្ធភាពទទួលបានបច្ចេកវិទ្យាថ្មីៗ ដែលផ្តោតលើអាកាសធាតុ និងប្រមូលទុនឯកជន ដើម្បីគាំទ្រហិរញ្ញវត្ថុអាកាសធាតុ៕

ប្រភព៖ ក្រសួងព័ត៌មាន