ទីក្រុងហាណូយ ចាប់ផ្ដើមបើកឱ្យក្រុមហ៊ុន សណ្ឋាគារ ភោជនីយដ្ឋាន និងអាជីវកម្មជាច្រើនទៀតដំណើរការឡើងវិញហើយ ក្រោយបិទអស់មួយរយៈ
សេដ្ឋកិច្ច October 14, 2021 Khmernote

គណៈកម្មាធិការប្រជាជនទីក្រុង បានប្រកាសថា ហាណូយនឹងអនុញ្ញាតឱ្យទទួលទានអាហារនៅនឹងកន្លែង និងបើកឧទ្យាន សណ្ឋាគារនិងការដឹកជញ្ជូនសាធារណៈឡើងវិញចាប់ពីម៉ោង ៦ ព្រឹក ថ្ងៃព្រហស្បតិ៍ នេះ។ នៅក្នុងឯកសារដែលចេញដោយប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Chu Ngoc Anh កាលពីថ្ងៃពុធក្រុមហ៊ុន ការិយាល័យ និងអាជីវកម្មអាចដំណើរការឡើងវិញជាធម្មតាដោយចាប់ផ្តើមនៅព្រឹកថ្ងៃព្រហស្បតិ៍។

ឯកសារនេះបាននិយាយថា អង្គភាពនានានឹងវាយតម្លៃហានិភ័យនៃមេរោគឆ្លងដោយខ្លួនឯង អនុវត្តវិធានការបង្ការ និងបន្តលើកទឹកចិត្តដល់ការធ្វើការងារពីចម្ងាយ។ ដោយឡែកឡានក្រុង និងតាក់ស៊ី នឹងដំណើរការតាមការណែនាំរបស់នាយកដ្ឋានដឹកជញ្ជូនហាណូយ ខណៈសារមន្ទីរ និងឧទ្យានក៏នឹងបើកឡើងវិញដែរ ប៉ុន្តែការចូលទស្សនារបស់ភ្ញៀវជាក្រុមនីមួយៗមិនត្រូវលើសពី ១០ នាក់ទេ។

លើសពីនេះ សណ្ឋាគារ និងសេវាកម្មលំនៅដ្ឋានផ្សេងទៀត ក៏អាចបើកឡើងវិញដែរ ប៉ុន្តែដំណើរការបានពាក់កណ្តាលនៃសមត្ថភាពអតិបរមា។ ភោជនីយដ្ឋាន និងអាហារដ្ឋាន និងភេសជ្ជៈផ្សេងទៀត (លើកលែងតែអាជីវកម្មដែលលក់ស្រានិងស្រាបៀរ) នឹងត្រូវបានអនុញ្ញាតឱ្យផ្តល់ជូនការទទួលទានអាហារនៅនឹងកន្លែង ដោយពាក់កណ្តាលនៃសមត្ថភាពអតិបរមារបស់ពួកគេ។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីចំណាយពេលជិតពីរខែក្រោមវិធានការរក្សាគម្លាតពីសង្គមពីថ្ងៃទី ២៤ ខែកក្កដាដល់ថ្ងៃទី ២១ ខែកញ្ញាទីក្រុងហាណូយកំពុងចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិតរបស់ខ្លួនបន្តិចម្តងៗ ខណៈប្រទេសនេះឆ្ពោះទៅរកភាពធម្មតាថ្មីនៃការរស់នៅជាមួយមេរោគកូវីដ-១៩៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress