រដ្ឋមន្រ្តីក្រសួងកសិកម្ម ស្នើដល់ធនាគារអភិវឌ្ឍអាស៊ី បន្តផ្តល់ការគាំទ្រនូវគម្រោងអភិវឌ្ឍក្នុងវិស័យកសិកម្មបន្ថែមទៀត
សេដ្ឋកិច្ច October 13, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានស្នើដល់ធនាគារអភិវឌ្ឍអាស៊ី បន្តផ្តល់ការគាំទ្រនូវគម្រោងអភិវឌ្ឍក្នុងវិស័យកសិកម្មបន្ថែមទៀត ជាពិសេសលើការដោះស្រាយបញ្ហាមួយចំនួនពាក់ព័ន្ធនឹងរបាំងបច្ចេកទេសសម្រាប់ការនាំចេញ ការគាំទ្រផ្នែកឥណទានដល់វិស័យឯកជនក្នុងការបោះទុនវិនិយោគបន្ថែមលើការវេចខ្ចប់ កែច្នៃ និងឃ្លាំងស្តុក និងផ្តល់ការគាំ ទ្រផ្នែកបច្ចេកទេសដល់មន្រ្តីលើការស្រាវជ្រាវ និងអភិវឌ្ឍ ផ្នែកការពារដំណាំ និងគុណ ភាពផលិតផលកសិកម្ម ។

ការស្នើបែបនេះ បានធ្វើឡើងនៅថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២១ ក្នុងឱកាសឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសំដែងការគួរសមជាមួយ លោកស្រី Sunniya Durrani-Jamal នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា ដើម្បីជម្រាបលា ក្រោយបញ្ចប់បេសកកម្មអស់រយៈពេលបីឆ្នាំនៅកម្ពុជា ។

លោកស្រី បានថ្លែងអំណរ គុណចំពោះ ឯកឧត្តមរដ្ឋមន្រ្តី និងសហការីនៃក្រសួងកសិ កម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយខាងធនាគារក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍នៅក្នុងវិស័យកសិកម្ម ។ លោកស្រីសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ក្នុងការជំរុញការ អភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា។

ឯកឧត្តម វេង សាខុន បានសម្តែងនូវអំណរគុណជូន ចំពោះធនាគារអភិវឌ្ឍអាស៊ី ក្រោមការដឹកនាំរបស់លោក ស្រីកន្លងមក ដែលបានយក ចិត្តទុកដាក់ជួយគាំទ្រគម្រោងជាច្រើននៅក្នុងវិស័យកសិកម្ម ។ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបលោកស្រីថា រយៈ ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យកសិកម្មនៅតែចូលរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ច ជាក់ស្តែងនៅក្នុងបរិបទនៃការរីករាល ដាលនៃជំងឺកូវីតនេះ ផលិត កម្មកសិកម្ម ក៏ដូចជាការនាំ ចេញផលិតផលកសិកម្មនៅ តែរក្សាបាននូវកំណើន និងបានចូលរួមសម្រាលនូវការរងផលប៉ះពាល់ពីសម្ពាធនៃជំងឺកូវីដ។

លោកស្រី Sunniya Durrani-Jamal បានបន្ថែមថា វិស័យកសិកម្មនៅកម្ពុជាមានសក្តានុពលជាច្រើន ដែលដៃគូអភិវឌ្ឍអាចបន្តផ្តល់ការគាំទ្របន្ថែម ជាពិសេសការពង្រឹងខ្សែច្រវាក់តម្លៃកសិកម្ម ការកែច្នៃផលិតផលកសិកម្ម ដើម្បីបង្កើនតម្លៃបន្ថែម ដែលអាចជួយបង្កើនចំណូលបន្ថែមដល់កសិករ និងកំណើនសេដ្ឋ កិច្ចផងដែរ។

បបឆ្លៀតក្នុងឱកាសនេះ ឯក ឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូនបន្ថែមថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកំពុងគិតគូរពីការជំរុញការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ ដើម្បីពង្រីកកំណើនសេដ្ឋកិច្ចពីវិស័យកសិកម្ម ។

ឯកឧត្តមរដ្ឋមន្រ្តី បានជូនពរដល់លោកស្រី ក្នុងឱកាសទទួលបាននូវភារកិច្ចថ្មី សូមលោកស្រី ទទួលបាននូវជោគ ជ័យការងារនិងមានសុខភាពល្អ ហើយឯកឧត្តមរដ្ឋមន្រ្តី ក៏សង្ឃឹមថា នាយកធនាគារអភិវឌ្ឍអាស៊ីប្រចាំកម្ពុជាថ្មី នឹងបំពេញភារកិច្ចបន្តជំនួសលោកស្រី ប្រកបដោយជោគ ជ័យផងដែរ ៕

ប្រភព៖ ក្រសួងព័ត៌មាន