មគ្គុទេសក៍ទេសចរក្នុងតំបន់អង្គរទាំងអស់ ត្រូវបានលើកលែងមិនយកថ្លៃសេវាលើការបន្តអាជ្ញាប័ណ្ណ និងមិនមានការផាកពិន័យសម្រាប់អាជ្ញាប័ណ្ណហួសសុពលភាព
សេដ្ឋកិច្ច October 12, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នេះបានឱ្យដឹងថា មគ្គុទេសក៍ទេសចរក្នុងតំបន់អង្គរទាំងអស់ ត្រូវបានលើកលែងមិនយកថ្លៃសេវាលើការបន្តអាជ្ញាប័ណ្ណ។ ថ្លែងទៅកាន់មគ្គុទ្ទេសក៍ទេសចរណ៍នៅក្នុងតំបន់អង្គរចំនួន១១១នាក់ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានបង្ហាញថា ដោយមើលឃើញពីការលំបាករបស់មគ្គុទេសក៍ទេសចរតំបន់សៀមរាបអង្គរ ជួបបញ្ហាលំ បាកផ្នែកជីវភាពដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩ អស់រយៈពេលជិត២ឆ្នាំមកនេះ បណ្តាល ឱ្យបងប្អូនបាត់បង់ការងារ គ្មានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ មើលឃើញពី ការលំបាក និងដើម្បីរួមចំណែកសម្រាលបន្ទុកជាមួយបងប្អូននៅក្នុងដំណាក់កាលនេះ អាជ្ញាធរខេត្តសៀមរាបបានសម្រេចលើកលែងមិនយកថ្លៃសេវាលើការបន្តអាជ្ញាប័ណ្ណ និងមិនមានការផាកពិន័យសម្រាប់អាជ្ញាប័ណ្ណហួសសុពលភាពឡើយ សម្រាប់មគ្គុទេសក៍ទេសចរក្នុងខេត្តសៀមរាបទាំងអស់។

លោកអភិបាលរងបន្តថា ក្នុងដំណាក់កាលជំងឺកូវីដ-១៩ មិនទាន់ទៅណានៅឡើយ រាជរដ្ឋាភិបាលកម្ពុជា កំពុងរិះរកគ្រប់វិធីសាស្ត្រ ដើម្បីឱ្យចរន្តទេសចរណ៍មានសកម្មភាព ឡើងវិញ ស្របពេលដែលក្រុងសៀមរាបទទួលបានការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ៣៨ខ្សែពីរាជរដ្ឋាភិបាល កំពុងតែពន្លឿនការសាងសង់ ដើម្បីរួមចំណែកទទួលអ្នកទេសចរ និងផ្តល់ឱកាស និងសារៈប្រយោជន៍សម្រាប់អ្នកប្រកបអាជីវកម្មពាក់ព័ន្ធទៅនឹង វិស័យទេសចរណ៍ និងវិស័យផ្សេងៗទៀតផងដែរ។

ជាមួយគ្នានេះដែរ គំនិតផ្តួចផ្តើមរបស់ ក្រុមហ៊ុន អៅដរ ផ្តើមចេញពីទឹកចិត្តចូលរួម ក៏បានផ្តល់ជាស្បៀងអាហារមួយចំនួនដល់មគ្គុទ្ទេសក៍ទេសចរចំនួន១១១នាក់ ដោយ ក្នុងម្នាក់ៗទទួលបាន អង្ករ២០គីឡូក្រាម មី១កេស ត្រីខ១យួរ ខ្ទឹមស១គីឡូក្រាម ស្ករស១គីឡូក្រាម ប្រេងឆារ១ដប ទឹកត្រី១ដប ទឹកស៊ីអ៊ីវ១ដប និងថវិកា១ម៉ឺនរៀល៕

ប្រភព៖ ក្រសួងព័ត៌មាន