អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម ស្នើសុំឱ្យលុបចោលការធ្វើចត្តាឡីស័កដែលកំពុងអនុវត្តនៅតាមតំបន់មួយចំនួនក្នុងប្រទេស សម្រាប់អ្នកដំណើរតាមផ្លូវអាកាស
ទេសចរណ៍ October 12, 2021 Khmernote

អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) បានស្នើសុំឱ្យលុបចោលការធ្វើចត្តាឡីស័កដែលកំពុងអនុវត្តនៅតាមតំបន់មួយចំនួនក្នុងប្រទេស សម្រាប់អ្នកដំណើរតាមផ្លូវអាកាស។ CAAV បានដាក់សំណើទៅក្រសួងដឹកជញ្ជូន ខណៈទីក្រុង Hanoi, ភាគខាងជើងទីក្រុង Hai Phong, Thua Thien Hue និង Lam Dong កំពុងស្នើសុំឱ្យប្រជាជនដែលធ្វើដំណើរតាមយន្តហោះ ត្រូវធ្វើចត្តាឡីស័កនៅតាមមជ្ឈមណ្ឌល ឬ សណ្ឋាគារ ដែលអាជ្ញាធរមូលដ្ឋានជ្រើសរើសរយៈពេល ៧ ថ្ងៃ ក្នុងអំឡុងពេលដែលពួកគេត្រូវធ្វើតេស្ត។

CAAV បានលើកឡើងថា ការមកដល់តម្រូវឱ្យបង់ថ្លៃពាក់ព័ន្ធទាំងអស់ ហើយអ្នកដំណើរក៏ត្រូវទទួលថ្នាំបង្ការយ៉ាងតិចពីរសប្តាហ៍មុន ឬជាសះស្បើយពីជំងឺកូវីដ១៩ ក្នុងរយៈពេលប្រាំមួយខែមុនពេលធ្វើដំណើរ។ ដូច្នេះហើយលក្ខខណ្ឌសម្រាប់ការហោះហើរគួរតែត្រូវបានកែសម្រួល ព្រោះបច្ចុប្បន្នក្រៅពីទីក្រុងហាណូយ និងទីក្រុងហូជីមិញ អត្រាគ្របដណ្តប់វ៉ាក់សាំងនៅតាមបណ្តាខេត្តដទៃទៀតមានកម្រិតទាបដែលមានន័យថា មនុស្សជាច្រើននឹងមិនមានសិទ្ធិហោះហើរបានទេ។ ហើយច្បាប់រក្សាគម្លាតសង្គមរវាងអ្នកដំណើរនៅលើយន្តហោះ ក៏គួរតែត្រូវដកចេញផងដែរ ព្រោះវានឹងរួមចំណែកដល់ការដំឡើងថ្លៃសំបុត្រយន្តហោះ។

ជាមួយគ្នានេះ អាជ្ញាធរបានណែនាំ ឱ្យមានបទបញ្ជាថា ដរាបណាអ្នកដំណើរមកពីតំបន់បៃតងមានន័យថា តំបន់ដែលគ្មានការរកឃើញករណីកូវីដ-១៩ ក្នុងសហគមន៍ ក្នុងរយៈពេល ១៤ ថ្ងៃជាប់ៗគ្នា នឹងត្រូវអនុញ្ញាតឱ្យហោះហើរក្នុងលក្ខខណ្ឌតែមួយ។ ពួកគេត្រូវធ្វើតេស្តអវិជ្ជមាន ៧២ ម៉ោងមុនពេលចេញដំណើរ។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃដំបូងនៃការបន្តការហោះហើរក្នុងស្រុកនៅក្នុងប្រទេសវៀតណាមកាលពីថ្ងៃអាទិត្យ ក្រុមហ៊ុនអាកាសចរណ៍អាចដំណើរការបានតែ ១១ ក្នុងចំណោមជើងហោះហើរ ៣៨ ដែលបានគ្រោងទុក ដោយចំនួនអ្នកដំណើរមានតិចតួច។ ជាក់ស្ដែងជើងហោះហើរពីទីក្រុងហូជីមិញទៅដាណាង មានតែអ្នកដំណើរ ៧៥ នាក់ប៉ុណ្ណោះ ខណៈទិសដៅផ្ទុយមានអ្នកដំណើរតែ ១៤ នាក់ប៉ុណ្ណោះនៅលើយន្តហោះ។

ជាមួយគ្នានេះជើងហោះហើរមួយទៀតពីហូជីមិញទៅកាន់កោះភូកុក នៅឆ្នេរសមុទ្រភាគខាងត្បូងមានតែអ្នកដំណើរ ៣០ នាក់ប៉ុណ្ណោះនិង ៣៧ នាក់នៅពេលធ្វើដំណើរត្រឡប់ពីកោះនេះ។ ក្នុងចំណោមជើងហោះហើរទាំង ២៧ ដែលត្រូវបានលុបចោលកាលពីថ្ងៃអាទិត្យ ខ្លះបណ្ដាលមកពីបញ្ហាអាកាសធាតុ ខ្លះបណ្ដាលមកពីវិធានការចត្តាឡីស័កនៅតាមតំបន់។ ដោយឡែកជើងហោះហើរពីរពីទីក្រុងហូជីមិញ និងដាណាងទៅហាណូយ ត្រូវបានធ្លាក់ចុះដោយសារអ្នកដំណើរមិនអាចបំពេញតាមតម្រូវការក្នុងការធ្វើចត្តាឡីស័កបាន៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress