ពលរដ្ឋរស់នៅសង្កាត់ចំនួន ២ និងតំបន់ស្ថិតក្នុងការផ្តត់ផ្គង់របស់រដ្ឋាករទឹកស្វយ័តសៀមរាប នឹងមានទឹកស្អាតប្រើគ្រប់គ្រាន់នៅចុងខែកក្កដាឆ្នាំ២០២២
សេដ្ឋកិច្ច October 12, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ប្រជាពលរដ្ឋដែលរស់ នៅសង្កាត់ស្លក្រាម សង្កាត់សាលាកំរើក និងតំបន់ស្ថិតក្នុងការផ្តត់ផ្គង់របស់រដ្ឋាករទឹកស្វយ័តសៀមរាប ប្រមាណ ៩៣.៤២៦នាក់ នឹងមានទឹកស្អាតប្រើគ្រប់គ្រាន់ នៅចុងខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ។

ការរំពឹងទុកនេះបានធ្វើឡើងបន្ទាប់ពីឯកឧត្តម ឃុត វុត្យារិទ្ធ អគ្គនាយករដ្ឋាករទឹកស្វយ័តសៀមរាប និង លោក ស្រី កាមេយ ហារូកុ ប្រធានតំណាងការិយាល័យចៃកាប្រចាំប្រទេសកម្ពុជា ចុះហត្ថលេខាលើកំណត់ត្រា នៃកិច្ចពិភាក្សាស្តីពីការអនុវត្ត «គម្រោងលើកកម្ពស់សេវាទឹកស្អាត និងអនាម័យដើម្បីទប់ ស្កាត់ជំងឺកូវីដ១៩» ក្រោមជំនួយបច្ចេកទេសរបស់ប្រទេសជប៉ុន នៅថ្ងៃទី១១ ខែតុលា នាការិយាល័យចៃកាប្រចាំប្រទេសកម្ពុជា។

គម្រោងនេះមានគោល បំណងលើកកម្ពស់វិធានការបង្ការជំងឺកូវីដ១៩ តាមរយៈការពង្រីកសេវាកម្មផ្គត់ផ្គង់ទឹកស្អាតប្រកបដោយសុវត្ថិភាពនិងចីរភាព និងលើកកម្ពស់នូវការអនុវត្តការលាងសម្អាតដៃឱ្យកាន់តែប្រសើរឡើង។ ដើម្បីសម្រេចបាននូវគោលបំណងទាំងនេះ គម្រោងនឹងផ្តល់នូវសម្ភារចាំបាច់មានដូចជា ឧស្ម័នក្លរ និងកំបោរ ដើម្បីធានាគុណភាពទឹកឱ្យស្រប តាមស្តង់ដារគុណភាពទឹកផឹកថ្នាក់ជាតិ។ ជាងនេះទៅទៀត គម្រោងនេះ ក៏ផ្តល់នូវនាឡិកាទឹក បំពង់ទឹក និងសម្ភារតំណ ព្រមទាំងឧបករណ៍ផ្សេងៗដល់រដ្ឋាករទឹកស្វយ័តសៀមរាប ដើម្បីធ្វើការពង្រីកសេវាទឹកស្អាតដល់តំបន់ដែលមិនទាន់មានការផ្គត់ផ្គង់ទឹក ក្នុងសង្កាត់ស្លក្រាម និងសង្កាត់សាលា កំរើក ក្រុងសៀមរាប។

បន្ថែមពីលើការផ្តល់ឧបករណ៍ និងសម្ភារ គម្រោងនេះក៏អនុវត្តផងដែរនូវសកម្មភាពលើក កម្ពស់ការយល់ដឹងដល់ប្រជា ពលរដ្ឋនៅក្រុងសៀមរាប ស្តី អំពីសារសំខាន់នៃទឹកស្អាត និងទម្លាប់នៃការលាងសម្អាតដៃ ដើម្បីការពារជំងឺកូវីដ១៩ ។ គម្រោងនេះគឺជាផ្នែកមួយនៃការគាំទ្រក្នុងគ្រាអាសន្នពីរដ្ឋាភិបាលប្រទេសជប៉ុន ដើម្បីឆ្លើយតបទៅនឹងសំណើផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជា។

គម្រោងនេះនឹងត្រូវបញ្ចប់ នៅចុងខែកក្កដា ឆ្នាំ ២០២២ ហើយយើងរំពឹងថាប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់គ្របដណ្តប់របស់គម្រោងខាងលើនិងតំបន់ដែលស្ថិតក្នុងការផ្តត់ផ្គង់របស់រដ្ឋាករទឹកស្វយ័តសៀមរាប ប្រមាណ ៩៣.៤២៦នាក់ នឹងទទួលបានអត្ថប្រយោជន៍។ ការគាំទ្រនេះ ក៏នឹងរួមចំណែកដល់រដ្ឋាករទឹកស្វយ័តសៀមរាប ក្នុងការទ្រទ្រង់ប្រតិបត្តិការផ្គត់ផ្គង់ទឹករបស់ខ្លួននៅក្នុងគ្រាដែលរដ្ឋាករទឹកស្វយ័តសៀមរាប កំពុងតែជួបការលំបាកជាច្រើនដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។

គួរកត់សម្គាល់ថា នៅក្នុងវិស័យទឹកស្អាត និងអនាម័យ JICA គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយ ហើយបានរួម ចំណែកក្នុងការកសាងហេដ្ឋា រចនាសម្ព័ន្ធទាំងផ្នែករឹង និងផ្នែកទន់។ រហូតមកដល់បច្ចុប្បន្ននេះ គម្រោងសហ ប្រតិបត្តិការបច្ចេកទេសជាច្រើនត្រូវបានអនុវត្តជាមួយក្រសួងឧស្សាហកម្ម វិទ្យា សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) រួមទាំងរដ្ឋាករទឹកតាមបណ្តាខេត្តនានា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងរដ្ឋាករទឹកស្វយ័តសៀមរាប។

ជាងនេះទៅទៀត រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតជាច្រើនត្រូវបានសាងសង់នៅតាមបណ្តាខេត្តជាច្រើននៃប្រទេសកម្ពុជាដោយជំនួយឥតសំណងរបស់ប្រទេសជប៉ុន។ ដោយឡែកនៅក្នុងខេត្តសៀមរាប JICA បានផ្តល់ជំនួយឥតសំណង ដើម្បីសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ដែលមានសមត្ថភាពចំនួន ៨.០០០ ម៉ែត្រត្រីគុណក្នុងមួយថ្ងៃនិងដំឡើងបំពង់ប្រវែង ៣៦គីឡូម៉ែត្រក្នុងឆ្នាំ ២០០៦ ហើយបច្ចុប្បន្ននេះ JICA កំពុងផ្តល់ហិរញ្ញប្បទានដល់ SRWSA ដើម្បីពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត តាមរយៈការ សាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតដែលមានសមត្ថភាព ចំនួន ៦០.០០០ ម៉ែត្រត្រី គុណក្នុងមួយថ្ងៃ និងដំឡើងបំពង់មេនិងបំពង់ចែកចាយទឹកស្អាតប្រវែងប្រហែល ២៧០ គីឡូម៉ែត្រ ។ គម្រោងនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិ បាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន ក្នុងការពង្រីកកិច្ចសហ ប្រតិបត្តិការរួមឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយជាងមុន ជាពិសេសក្នុងគ្រាជួបការលំបាក៕

ប្រភព៖ ក្រសួងព័ត៌មាន