ទុក្ខផ្ទួនៗ! រោងចក្រកាត់ដេរសម្លៀកបំពាក់ស្បែកជើងនៅវៀតណាម ៦៨% ត្រូវលុបចោលការបញ្ជាទិញ និងរងការពិន័យពីអតិថិជនបរទេស
សេដ្ឋកិច្ច October 11, 2021 Khmernote

សហគ្រាសកាត់ដេរ និងស្បែកជើងជាង ៦៨% នៅក្នុងប្រទេសវៀតណាមត្រូវបានដាក់ទណ្ឌកម្មដោយអតិថិជនបរទេស ចំពោះការដឹកជញ្ជូនយឺតយ៉ាវ ដោយខ្លះបានលុបចោលការបញ្ជាទិញ និងទាមទារសំណង។ ការស្ទង់មតិមួយបានរកឃើញថាជាង ១២% នៃក្រុមហ៊ុនក្នុងស្រុកដែលមានអតិថិជនបរទេស លុបចោលនិងទាមទារសំណងសម្រាប់ការរំលោភកិច្ចសន្យា ខណៈដែល ២១% ទៀតបាននិយាយថា ពួកគេបានលុបចោលការបញ្ជាទិញដោយគ្មានការទាមទារផ្សេងទៀត។

ការស្ទង់មតិដែលធ្វើឡើងក្នុងខែកញ្ញាដោយ Vitas, Lefaso និងក្រុមការងារស្តីពីភាពជាដៃគូសាធារណៈនិងឯកជនបានរកឃើញថាស្ទើរតែពាក់កណ្តាលនៃក្រុមហ៊ុនឆ្លើយតបបាននិយាយថា ពួកគេបានដឹកជញ្ជូនទំនិញយឺតយ៉ាវដោយសារវិធានការគម្លាតសង្គម។ ជាលទ្ធផលអតិថិជនបរទេសមួយចំនួនបានផ្លាស់ប្តូរការបញ្ជាទិញរបស់ពួកគេទៅប្រទេសផ្សេង ហើយការផ្លាស់ប្តូរបែបនេះអាចបន្តក្នុងរយៈពេល ៥ ខែខាងមុខនេះ។

គួរឱ្យដឹងថា ការនាំចេញសម្លៀកបំពាក់និងវាយនភ័ណ្ឌបានធ្លាក់ចុះ ៩% ពីមួយខែទៅមួយខែ នៅខែកញ្ញាមកនៅត្រឹម ៣ ពាន់លានដុល្លារ។ យោងតាមសមាគមស្បែកស្បែកជើងនិងកាបូបវៀតណាម (Lefaso) បានឱ្យដឹងថា ការនាំចេញស្បែកជើងរបស់វៀតណាមបានធ្លាក់ចុះ ៤៤.២% ពីមួយឆ្នាំទៅមួយឆ្នាំស្មើនឹង ៧០០ លានដុល្លារនៅក្នុងខែកញ្ញា៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress