ប្រទេសថៃគ្រោងបង្កើត “travel bubble” ឬ “ពពុះធ្វើដំណើរ” ជាមួយនឹងកម្ពុជា
ទេសចរណ៍ October 11, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnamplus បានឱ្យដឹងថា ប្រទេសថៃគ្រោងបង្កើត “travel bubble” ឬ “ពពុះធ្វើដំណើរ” ជាមួយនឹងប្រទេសកម្ពុជា។ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡារបស់ប្រទេសថៃលោក Phiphat Ratchakitprakarn បាននិយាយថា ក្រសួងរបស់លោកមានគម្រោងអនុវត្តការធ្វើដំណើរនៅឆ្នាំនេះតាមព្រំដែនដូចជាខេត្តត្រាត និងខេត្តកោះកុងរបស់កម្ពុជា។

ជាមួយគ្នានេះ អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) បាននិយាយថា ខ្លួនបានដំណើរការរួចហើយជាមួយផែនការបង្កើនសមត្ថភាពហោះហើរដល់ ១០០ ភាគរយនៅត្រឹមថ្ងៃទី ១៥ ខែតុលា ហើយកំពុងរង់ចាំការយល់ព្រមពីមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ ។

ទន្ទឹមនឹងនេះដែរ ចាប់ពីចុងខែកញ្ញារដ្ឋាភិបាលកម្ពុជា បានស្នើយុទ្ធនាការ “កម្ពុជាមានសុវត្ថិភាព” ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រក្នុងការទាក់ទាញអ្នកទេសចរក្នុងស្រុក និងបរទេសមកទស្សនាក្នុងប្រទេស។ គួរបញ្ជាក់ថា ប្រទេសថៃព្យាករណ៍ថា ភ្ញៀវទេសចរអន្តរជាតិសរុបចំនួន ១៥ លាននាក់នឹងមកទស្សនាប្រទេសថៃនៅឆ្នាំ២០២២ ដោយអាចបង្កើតចំណូលបានប្រមាណ ៦០០ ពាន់លានបាត (១៧,៧ ពាន់លានដុល្លារ) ខណៈការមកដល់ក្នុងស្រុករំពឹងថា នឹងកើនដល់ ១៦០ លាននាក់ សរុប ៨៨២ ពាន់លានបាត៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus