រ៉ូបូតដឹកជញ្ជូន ចាប់ផ្ដើមពេញនិយមនៅតាមផ្សារទំនើបនានានៅអង់គ្លេស
សេដ្ឋកិច្ច October 9, 2021 Khmernote

ជាកន្លែងដែលមានឈ្មោះល្បីខាងសម្បូររង្វង់មូលធំៗ និងចម្លាក់គោបេតុង ទីក្រុងរបស់អង់គ្លេស Milton Keynes ពេលនេះមានអ្វីថ្មីបង្អួតពិភពលោកទៀតហើយគឺកងដឹកជញ្ជូនរ៉ូបូត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AFP។ យានស្វ័យប្រវត្ដិកង់ ៦ ដែលត្រូវបានរចនាឡើងកាលពី ៣ឆ្នាំមុន ទទួលបានការចាប់អារម្មណ៍ខ្លាំង ពេលពួកវាបរកាត់វិថីលំនៅឋាន ពលរដ្ឋចម្ងាយប្រមាណ ៨០គីឡូម៉ែត្រភាគខាងជើងទីក្រុងឡុងដ៍។

ចំនួនយានដឹកជញ្ជូនស្វ័យប្រវត្ដិបានកើនឡើងដល់ ២០០គ្រឿង ក្នុងទីក្រុង Milton Keynes និងទីក្រុងក្បែរខាង Northampton ដែលបានផ្ដើមសេវាកម្មក្នុងឆ្នាំ២០២០ ជាមួយគម្រោងដំណើរការយាន ៥០០គ្រឿងនៅតាមទីកន្លែងចំនួន ៥ ទូទាំងប្រទេស។ យោងតាមប្រតិបត្ដិកររ៉ូបូតបានបង្ហាញថា យានពណ៌សរាងបួនជ្រុងបានមកដល់ ទីក្រុងនេះ ពេលចក្រភពអង់គ្លេសត្រូវបានបិទខ្ទប់កាលពីឆ្នាំមុន អំឡុងពេលវីរុសកូរ៉ូណាវាយលុកខ្លាំង។

លោក អេនឌ្រូ ឃើរធីស ប្រធាន ប្រតិបត្ដិការនៅក្រុមហ៊ុន Starship Technologies ប្រចាំចក្រភពអង់គ្លេសបានប្រាប់ទីភ្នាក់ងារ AFP ថា៖ «មនុស្សគ្រប់រូបសុទ្ធតែមិនចង់ ប៉ះពាល់គ្នាអំឡុងពេលដឹកជញ្ជូនក្នុងសម័យកូវីដនេះ»។ ក្រុមហ៊ុនអាមេរិកដែលបានផ្ដល់សេវាកម្មដឹកជញ្ជូននៅចក្រភពអង់គ្លេសនេះ បច្ចុប្បន្នធ្វើការដឹកជញ្ជូនប្រមាណ ១ពាន់ជើងរៀងរាល់ថ្ងៃ។ ក្រុមហ៊ុនបានចុះកិច្ចព្រៀមព្រៀងថ្មីៗជាមួយដៃគូយូរអង្វែង Co-op Group ជាសម្ព័ន្ធផ្សារទំនើប ដើម្បីផ្ដល់រ៉ូបូតថ្មី ៣០០គ្រឿងនៅត្រឹមបំណាច់ឆ្នាំ និងបង្កើនការដឹកជញ្ជូន ៣ដង។ នៅហាងលក់រាយមួយក្នុងទីក្រុង Milton Keynes ដែលប្រើបច្ចេកវិទ្យាយានដឹកជញ្ជូនដំបូងគេក្នុងឆ្នាំ២០១៨ រ៉ូបូតជាច្រើនគ្រឿងបានត្រៀមខ្លួនជាស្រេច និងកំពុងរង់ចាំ បម្រើសេវាកម្ម។ ពេលកូនឡានដឹកជញ្ជូននេះទៅដល់គោលដៅ អ្នកស្រី សៃឡា រ៉ូស អាយុ ៧១ឆ្នាំ បានដើរចេញពីផ្ទះ និងដោះសោគម្រប របស់វាតាមរយៈកម្មវិធីទូរស័ព្ទ ដើម្បីទទួលយកគ្រឿងទេស និងផ្កា។ ដោយចាត់ទុករ៉ូបូតជាជំនួយការដែលព្រះប្រទាន អ្នកស្រីបាននិយាយ ទាំងដៃម្ខាងកាន់ឈើច្រត់ថា «បើខ្ញុំអាចប្រើវា នរណាដ៏ចេះប្រើវាដែរ។ ដោយសារតែបញ្ហាសុខភាពរបស់ខ្ញុំ ខ្ញុំពិបាកចេញក្រៅទិញ របស់របរណាស់»៕

ប្រភព៖ ក្រសួងព័ត៌មាន