សហភាពអឺរ៉ុប ផ្តល់ជំនួយឥតសំណង ១៥លានអឺរ៉ូ សម្រាប់អភិវឌ្ឍន៍ផ្លូវជនបទ និងទីផ្សារកសិកម្មនៅកម្ពុជា
សេដ្ឋកិច្ច October 8, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា សហភាពអឺរ៉ុប បានផ្តល់ជំនួយឥតសំណងក្នុងទឹកប្រាក់ចំនួន ១៥លានអឺរ៉ូដល់កម្ពុជា សម្រាប់យកទៅអនុវត្តគម្រោងគាំទ្រ និរន្តរភាពហេដ្ឋារចនាសម្ពន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម។

លោក Bryan Fornari ប្រធានសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា មានប្រសាសន៍ថា គម្រោងនេះ នឹងធ្វើឱ្យកាន់តែ ប្រសើរនូវផ្លូវជនបទ ការតភ្ជាប់ទំនាក់ទំនងទូទាំងប្រទេស ការលើកកម្ពស់ភាពធន់នឹងគ្រោះធម្មជាតិនិងការឆ្លើយតបចំពោះបញ្ហាខ្វះស្បៀង តាមរដូវ។ ជាមួយគ្នានេះ នឹងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅជនបទចំនួនប្រមាណ២០ម៉ឺនគ្រួសារ និងបង្កើតការងារ៤.៥០០កន្លែង ជាពិសេសម្រាប់យុវជន និងការបង្កើតសហគ្រាសខ្នាតតូច និងមធ្យមថ្មីចំនួន៥០០ នៅទូទាំងប្រទេសកម្ពុជា។

សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា នៅក្នុងសប្តាហ៍នេះ បានបញ្ជាក់ថា ជំនួយឥតសំណងនេះ រួមមានការលៃទុកនូវទឹកប្រាក់ចំនួន១,៥លានអឺរ៉ូ សម្រាប់ផ្តល់ជំនួយបច្ចេកទេសដល់ការរៀបចំរបស់គម្រោង ដែលមានសារសំខាន់ សម្រាប់ការអនុវត្តន៍គម្រោងទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្មឱ្យបានលឿនជាងមុន។

លោក Kris Peeters អនុប្រធានធនាគារវិនិយោគអឺរ៉ុប(EIB) បានឱ្យដឹងថា គម្រោងគាំទ្រផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម គឺជា ការវិនិយោគក្នុងភាពជាដៃគូក្នុងទឹកប្រាក់ចំនួន១០៥លានអឺរ៉ូ ពីមូលនិធិសម្រាប់ការអភិវឌ្ឍន៍ វិស័យកសិកម្ម(IFAD) ធនាគារវិនិយោគអឺរ៉ុប (EIB) និងរាជរដ្ឋាភិបាលកម្ពុជា សំដៅលើកកម្ពស់គុណភាពជីវិត និងអាជីវកម្មរបស់ប្រជាពលរដ្ឋ នៅជនបទប្រមាណ២០ម៉ឺនគ្រួសារ តាមរយៈការផ្តល់ឱ្យពួកគេនូវបណ្តាញផ្លូវថ្នល់ដែលអាចប្រើប្រាស់ពេញមួយឆ្នាំដោយកាន់តែមានសុវត្ថិភាព និងអាចជឿទុកចិត្តបាន ហេដ្ឋារចនាសម្ព័ន្ធជនបទប្រសើរជាងមុន និងការផ្គត់ផ្គង់ស្បៀងអាហារដែលអាចជឿជាក់បាន។

លោកបន្តថា ជាមួយនឹងការវិនិយោគ និងជំនួយឥតសំណងពីក្រុមអឺរ៉ុប និងបដិភាគពីរាជរដ្ឋាភិបាលកម្ពុជា នឹងសាងសង់ផ្លូវក្រាលកៅស៊ូ ប្រវែងប្រមាណ៦៥០គីឡូម៉ែត្រ និងផ្លូវក្រួសក្រហមប្រមាណ១៥០ គីឡូម៉ែត្រ ព្រមទាំងកែលម្អតំបន់ជុំវិញផ្សារជនបទចំនួន ៥០កន្លែង និងទីតាំងផ្តល់ការគាំទ្រសេវា នៃខ្សែច្រវាក់ផ្គត់ផ្គង់ចំនួន២៥ ផ្សេងទៀត ដូចជាកំពង់ដរសាឡាង កន្លែងប្រមូលទិញកសិផល ជាដើម ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍ជំនួយឥតសំណង ចំនួន១៥លានអឺរ៉ូ ពីសហភាពអឺរ៉ុប សម្រាប់អនុវត្តគម្រោងខាងលើ ដែលនឹងរួមចំណែកដ៏សំខាន់ដល់ការពន្លឿនការអភិវឌ្ឍន៍ដោយចីរភាព នៃសហគមន៍ជនបទនៅកម្ពុជា និងការស្តារឡើងវិញពីការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ ប្រកបដោយភាពបៃតង៕

ប្រភព៖ ក្រសួងព័ត៌មាន