រយៈពេល ៩ខែ ឆ្នាំ២០២១ កម្ពុជានាំចេញអង្ករបានជាង ៤១ម៉ឺនតោន ដែលគិតជាទឹកប្រាក់បានជិត ៣០០លានដុល្លារ
សេដ្ឋកិច្ច October 4, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា រយៈពេល ៩ខែ ឆ្នាំ២០២១ កម្ពុជា នាំចេញអង្ករបានចំនួន ៤១០ ៦៩៨ តោន ដែលគិតជាទឹកប្រាក់មានចំនួន ២៨៣.៦៩ លានដុល្លារអាមេរិក។ យោងតាមរបាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថា ក្នុងរយៈពេល ៩ខែកន្លងមកនេះ សម្រាប់ទីផ្សារដែលបាននាំចេញធំជាងគេ គឺប្រទេសចិន និងតំបន់ស្វយ័តរដ្ឋបាល ហុងកុង ម៉ាកាវ មានចំនួន ៤៩.៥០ភាគរយ និងប្រទេសនៅបណ្តាសហគមន៍អឺរ៉ុប រួមទាំងអង់គ្លេសមានចំនួន ២៦.៩១ភាគរយ ប្រទេសក្នុងបណ្តាសហគមន៍អាស៊ានមានចំនួន ១០.០៩ភាគរយ និងបណ្តាគោលដៅផ្សេងៗ ចំនួន២២ មានចំនួន ១៣.៥០ភាគរយ ។

ប្រភេទអង្ករដែលនាំចេញមាន អង្ករក្រអូបគ្រប់ប្រភេទចំនួន ៦៩.៧១ភាគរយ អង្ករសបាយទន់ ២៧.១៨ភាគរយ អង្ករចំហុយ ១.៧១ភាគរយ និង អង្ករសរីរាង្គ ១.៤១ភាគរយ ។ ហើយសម្រាប់ខែកញ្ញា ឆ្នាំ២០២១នេះដែរ ការនាំចេញបានចំនួន ៦៧ ២៥១ តោន គិតជាទឹកប្រាក់បានចំនួន ៣៥.៣៤ លានដុល្លារសហរដ្ឋអាមេរិក ។

ប្រភពបន្តថា បរិមាណនៃការនាំចេញខែកញ្ញា ឆ្នាំ២០២១នេះ គឺជាបរិមាណនាំចេញដែលខ្ពស់ជាងគេក្នុងរយៈពេល ៥ឆ្នាំ កន្លងមក។ ក្នុងចំណោមបរិមាណនាំចេញទាំអស់ ការនាំចេញចំនួន ៥៦ភាគរយ គឺបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន។ ប្រភពបានបញ្ជាក់ទៀតថា ចំពោះស្រូវមានការនាំចេញឆ្លងកាត់ព្រំដែនជាមួយប្រទេសជិតខាងជាពិសេសប្រទេសវៀតណាម មានបរិមាណចំនួន ៥៦០០ឡាន ឬ ១៤០ ១១៣តោន ដែលគិតជាទឹកប្រាក់ប៉ាន់ស្មានប្រមាណជា ៣១.៥៣ លានដុល្លារសហរដ្ឋអាមេរិក ។ ស្រូវដែលនាំចេញ ភាគច្រើនប្រភេទ អូអ៊ឹម ៥៤៥១ អ៊ឺអ៊ែរ ៨៥ និងសែនក្រអូប ។

ម្យ៉ាងវិញទៀត នៅត្រីមាសទី៣ នៃឆ្នាំ២០២១នេះ (៣ខែចុងក្រោយនេះ) ប្រទេសកម្ពុជា បាននាំចេញអង្ករបានចំនួន ១៣០ ២៤៨ តោន គិតជាទឹកប្រាក់មានចំនួនជាង៨១លានដុល្លារអាមេរិក ដែលមានកំណើន៤២.៩៥ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០ ដែលមានចំនួនត្រឹមតែ ៩១១១៥ តោនតែប៉ុណ្ណោះ ៕

ប្រភព៖ ក្រសួងព័ត៌មាន