ក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន វិនិយោគលើគម្រោងរោងចក្រថាមពលខ្យល់របស់ឡាវដែលធំជាងគេនៅអាស៊ីអាគ្នេយ៍
សេដ្ឋកិច្ច October 2, 2021 Khmernote

ក្រុមហ៊ុនដ៏ធំមួយរបស់ប្រទេសជប៉ុន Mitsubishi Corp បានវិនិយោគលើគម្រោងរោងចក្រថាមពលខ្យល់ដ៏ធំមួយនៅប្រទេសឡាវដើម្បីចែកចាយថាមពលអគ្គិសនីដល់ប្រទេសវៀតណាម ដែលជាកសិដ្ឋានខ្យល់ធំជាងគេនៅអាស៊ីអាគ្នេយ៍។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានថ្មីមួយក្រុមហ៊ុនបាននិយាយថា រោងចក្រថាមពលខ្យល់ ៦០០ មេហ្កាវ៉ាត់នៅខេត្ត Sekong និងខេត្ត Attapeu នៅភាគខាងត្បូងប្រទេសឡាវ ដែលជារោងចក្រដំបូងគេនៅក្នុងប្រទេសនេះ នឹងត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Impact Energy Asia Development Ltd ឬ IEAD ដែលមានមូលដ្ឋាននៅទីក្រុងហុងកុងចាប់ពីឆ្នាំក្រោយ ជាមួយនឹងប្រតិបត្តិការដែលគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ ២០២៥។

គម្រោងកសិដ្ឋានខ្យល់នៅឆ្នេរសមុទ្រនេះ ត្រូវបានគេពិពណ៌នាផងដែរថា ជាការផ្លាស់ប្តូរអគ្គិសនីឆ្លងដែនដំបូង ពីការបង្កើតថាមពលខ្យល់ នៅក្នុងតំបន់ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ខណៈគម្រោងនេះក៏គាំទ្រដល់សកម្មភាពសេដ្ឋកិច្ចផងដែរ។

ទន្ទឹមនឹងនោះ ប្រទេសវៀតណាមត្រូវការការផ្គត់ផ្គង់ថាមពលបន្ថែម ដើម្បីរក្សាកំណើនសេដ្ឋកិច្ចរបស់ខ្លួនជាពិសេសនៅរដូវប្រាំងនៅពេលដែលរោងចក្រថាមពលខ្យល់ត្រូវបានគេរំពឹងថា នឹងដំណើរការក្នុងអត្រាខ្ពស់ ហើយលទ្ធភាពនៃការបង្កើតវារីអគ្គិសនីដែលជាប្រភពថាមពលសំខាន់មួយរបស់ប្រទេសត្រូវបានកំណត់។

ទោះជាយ៉ាងណាក្ដី ក្រុមហ៊ុនមិនបានបង្ហាញ ទំហំនៃការវិនិយោគឡើយ ប៉ុន្តែក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងតូក្យូបានបង្ហើបថាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនដែលមានមូលដ្ឋាននៅទីក្រុងហុងកុង កាន់កាប់ភាគហ៊ុនប្រហែល ២៤% នៅក្នុងគម្រោងនេះ ដោយនៅសល់ត្រូវបានកាន់កាប់ដោយក្រុមហ៊ុន BCPG Public Company Ltd និង Earth Power Investment Ltd, ក្រុមហ៊ុនទាំងពីរ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនថៃ៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost