រយៈពេល ៩ខែនៃឆ្នាំ២០២១ នេះ កម្ពុជាបាននាំចេញកសិផលជិត ៦លានតោន ទៅកាន់ទិសដៅ ៦៨ ប្រទេស
សេដ្ឋកិច្ច October 1, 2021 Khmernote

រយៈពេល ៩ខែនៃឆ្នាំ២០២១ នេះ កម្ពុជាបាននាំចេញកសិផលចំនួន ៥ ៩៣២ ៩២៣,៤៣ តោន ទៅកាន់ទិសដៅ ៦៨ ប្រទេស កើនឡើងចំនួន ២ ៧៨៥ ២៣១,៥៧ តោនស្មើនឹង ៨៨.៤៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ៣ ១៤៧ ៦៩១,៨៦ តោន នេះបើផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិរបស់អគ្គនាយកដ្ឋានកសិកម្មដែលបង្ហាញដោយឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ។

យោងតាមការបង្ហោះរបស់ឯកឧត្តម កសិផលដែលបាននាំចេញរួមមាន៖ អង្ករ ស្រូវ ចំណិតដំឡូងមីក្រៀម ដំឡូងមីស្រស់ ម៉្សៅដំឡូងមី កាកសំណល់ដំឡូងមី គ្រាប់ស្វាយចន្ទី គ្រាប់ពោត គ្រាប់សណ្តែកបាយ គ្រាប់សណ្ដែកសៀង ផ្លែចេកស្រស់ ផ្លែក្រូចថ្លុង ផ្លែស្វាយស្រស់ ដំណាប់ស្វាយ ទឹកស៊ីរ៉ូស្វាយ ដូងប្រេង ម្រេច ថ្នាំជក់ ម្ទេសស្រស់ ម្ទេសក្រៀម បន្លែចម្រុះ និងផលិតផលចំនួន ៧៤ មុខ ផ្សេងទៀត។

សូមជម្រាបថា ការនាំចេញកសិផលសរុបក្នុងរយៈពេល ៩ខែឆ្នាំ២០២១ មានកំណើនចំនួន ៨៨.៤៨% ក្នុងនោះកសិផល ក្រៅពីអង្ករមានការកើនឡើងចំនួន ១០៧.៦៩% រីឯការនាំចេញអង្ករមានការថយចុះចំនួន -១៥,៩៧% ដោយសារ កម្ពុជាជួបបញ្ហាប្រឈមនឹងកង្វះប្រភេទទូរកុងតេន័រដែលមានទំហំ២០ហ្វិតសម្រាប់ផ្ទុកអង្ករ និងតម្លៃដឹកជញ្ជូនកើនឡើង (យោងសេចក្តីរាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា)៕

អត្ថបទ៖ លីនី