ផ្លូវជាតិលេខ៤ ពីភ្នំពេញទៅខេត្តព្រះសីហនុ នឹងកាន់តែធំទូលាយ ខណៈចាប់ផ្ដើមកែលម្អដោយពង្រីកផ្នែកខ្លះៗពី ៧ម៉ែត្រទៅ ១១ម៉ែត្រ
សេដ្ឋកិច្ច October 1, 2021 Khmernote

ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ផ្លូវជាតិលេខ៤ ពីភ្នំពេញទៅខេត្តព្រះសីហនុ បានចាប់ផ្តើមកែលម្អដោយពង្រីកផ្នែកខ្លះៗពី ៧ម៉ែត្រទៅ១១ម៉ែត្រ ក្រោមហិរញ្ញប្បទានសម្បទាន ធនាគារពិភព ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី០១​ ខែតុលា ឆ្នាំ២០២១ នេះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពនៃការអនុវត្តន៍វិធានការគ្រប់គ្រង ទប់ស្កាត់ យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅកម្ពុជា នៅថ្ងៃទី១ ខែតុលានេះ ឯកឧត្តមទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ផ្លូវជាតិលេខ៤ពីភ្នំពេញទៅខេត្តព្រះសីហនុ ដែលជាជំនួយរបស់សហរដ្ឋអាមេរិកពីមុនមកនោះ នឹងត្រូវពង្រីកឱ្យធំជាងពេលបច្ចុប្បន្ន ដោយគ្រោងចំណាយថវិកាប្រមាណជាង ១០០លានដុល្លារអាមេរិកដែលជាកម្ចីហិរញ្ញប្បទានរបស់ធនាគារពិភពលោក ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ផ្លូវជាតិលេខ៤ពីភ្នំពេញទៅខេត្តព្រះសីហនុ ដែលស្តារនិងស្ថាបនាឡើងវិញនេះ ភាគច្រើនគឺមាន ទទឹង៧ម៉ែត្រដោយត្រូវពង្រីកទៅ១១ម៉ែត្រ ដើម្បីធ្វើយ៉ាងណាពង្រីកផ្លូវកៅស៊ូមួយនេះឱ្យក្លាយជាផ្លូវដែលមានភាពងាយស្រួល ទាំងការដឹក ជញ្ជូននិងការធ្វើដំណើររបស់សាធារណជន ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាកំណត់ខេត្តមួយនេះជាប៉ូលទី២ នៃច្រកសេដ្ឋកិច្ចប្រទេស កម្ពុជា ទំាងវិស័យទេសចរណ៍ និងការវិនិយោគ។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា គម្រោងកែលម្អផ្លូវនេះបានថវិកាមកពីធនាគារពិភពលោក ដោយត្រូវបែងចែកជា៥ផ្នែកផ្សេងៗគ្នា ខណៈដែលផ្នែកទី១ ២ ៣ គឺបានចុះកិច្ចព្រមព្រៀងរួចរាល់ហើយ ដោយចាប់ពីគីឡូម៉ែត្រ១៩ត្រង់កំបូលទៅជិតគីឡូម៉ែត្រ១៥០ ដោយនឹង ត្រូវបើកការដ្ឋានក្រោយចប់រដូវវស្សា ។ ឯកឧត្តមបន្តថា ចំពោះផ្នែកទី៤ គឺកំពុងតែដាក់ដេញថ្លៃ រីឯផ្នែកទី៥វិញ ដែលមានប្រវែងប្រហែល ២៨គីឡូម៉ែត្ររហូតដល់ក្រុងព្រះសីហនុ បានបើកការដ្ឋានកាលពីពេលថ្មីៗនេះ។

« ផ្លូវជាតិលេខ៤នេះគឺយើងមានថវិកាទាំងអស់ប៉ុន្តែវាបែងចែកជា៥កំណាត់ គឺថវិកាមកពីធនាគារពិភពលោកជាប្រាក់កម្ចី ១០០លានជាង ដើម្បីស្តារផ្លូវជាតិលេខ៤ទាំងស្រុងតែម្តង ។ អ៊ីចឹងយើងមាន៤ហើយ នៅសល់មួយទៀតដែលយើងកំពុងរៀបចំ នីតិវិធីសម្រាប់ការដេញថ្លៃ »។

គួរជម្រាបថា ផ្លូវជាតិលេខ ៤ ត្រូវបានចាត់ទុកថា ជាផ្លូវយុទ្ធសាស្រ្តសេដ្ឋកិច្ចសម្រាប់ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទទាំងការនាំចេញ និង នាំចូលកំពង់ផែក្រុងព្រះសីហនុ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងរាជធានីភ្នំពេញ ក៏ដូចជាការចរាចរណ៍គ្រប់ប្រភេទនៃរថយន្ត និងអ្នកដំណើរ។ ផ្លូវជាតិលេខ ៤នេះ ជាផ្លូវអាស៊ានដ៏សំខាន់ ក្នុងចំណោមផ្លូវហាយវ៉េសំខាន់ៗរបស់ប្រទេសកម្ពុជា ៕

ប្រភព៖ ក្រសួងព័ត៌មាន