ចំនួនការកក់នៅកោះភូកេតបានកើនឡើង ខណៈរយៈពេលធ្វើចត្តាឡីស័កនៅក្នុងប្រទេសថៃត្រូវបានកាត់បន្ថយមកត្រឹមរយៈពេល ៧ថ្ងៃ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។ សារព័ត៌មានដដែល បានឱ្យដឹងថា ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ នេះ អ្នកទេសចរបរទេសមកកម្សាន្តនៅប្រទេសថៃក្រោមគម្រោង “Phuket sandbox” នឹងត្រូវចំណាយពេលតែមួយសប្តាហ៍ប៉ុណ្ណោះនៅលើកោះនេះមុនពេលពួកគេអាចធ្វើដំណើរទៅកាន់ខេត្តផ្សេងទៀតក្នុងប្រទេសថៃ។
លោក Kongsak Khupongsakorn ប្រធានសមាគមសណ្ឋាគារភាគខាងត្បូងថៃបាននិយាយថា ការគ្រប់គ្រងជំងឺក្នុងចំណោមអ្នកទេសចរនៅលើកោះនេះ គឺល្អប្រសើរតាំងពីខែកក្កដាមក។ ប៉ុន្តែលោកត្អូញត្អែរថា ចំនួនភ្ញៀវទេសចរមានកម្រិតទាបនៅឡើយ។ ទោះបីជាយ៉ាងនេះក្ដី លោក Kongsak បានឱ្យដឹងថា អ្នកទេសចរបានកក់កន្លែងចំនួន ១៥០,០០០ យប់រួចមកហើយនៅក្នុងខែតុលា ដែលការកក់នីមួយៗសម្រាប់បីខែមុន។ លោករំពឹងថា ការកក់សំបុត្រនៅខែតុលានឹងកើនឡើងខ្ពស់រហូតដល់ ២០០,០០០ -២៥០,០០០ យប់នៅពេលស្ថានការណ៍ប្រសើរឡើង។
គួរបញ្ជាក់ថា រយៈពេលធ្វើចត្តាឡីស័កនៅក្រោមគម្រោង “Phuket sandbox” ត្រូវបានកាត់បន្ថយពី ១៤ ថ្ងៃ មកត្រឹម ៧ថ្ងៃ ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត បន្ទាប់ពីការទទួលស្វាគមន៍យ៉ាងកក់ក្ដៅក្នុងរយៈពេលបីខែដំបូង។ ចាប់តាំងពីការបើកដំណើរការនៅថ្ងៃទី ១ ខែកក្កដាគម្រោងនេះ បានទាក់ទាញភ្ញៀវបរទេសតែ ៣៧,៩៧៨ នាក់ប៉ុណ្ណោះពោល គឺតិចជាងមួយភាគបីនៃចំនួន ១០០,០០០ នាក់ដែលត្រូវបានកំណត់ដោយអាជ្ញាធរទេសចរណ៍ថៃ (TAT)៕



អត្ថបទ៖ លីនី
ប្រភព៖ nationthailand


