ក្រសួងសាធារណការ នឹងពិចារណាក្នុងការចុះបញ្ជីផ្លាកលេខពិសេសលើម៉ូតូ ខណៈដែល ប្រជាពលរដ្ឋមានតម្រូវការច្រើន
សេដ្ឋកិច្ច September 30, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រសួងសាធារណការនិងដឹកជញ្ជូន គ្រោងនឹងពិចារណាក្នុងការចុះបញ្ជីផ្លាកលេខពិសេសលើម៉ូតូ ខណៈដែលប្រជាពលរដ្ឋមានតម្រូវការច្រើន។ លោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ និងជាសមាជិកគណៈកម្មការអន្តរក្រសួង គ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត មានប្រសាសន៍ថា ម៉ូតូនៅក្នុងរាជធានីភ្នំពេញបច្ចុប្បន្នមានចំនួនជាង ១.២លានគ្រឿង ដែលបានចុះបញ្ជី នៅមួយចំនួនទៀតដែលមិនទាន់ បានចុះបញ្ជីជាផ្លូវការ ហើយការចុះបញ្ជីមានភាពងាយស្រួលជាងមុន ដោយសារខណ្ឌទាំង១៤ មានការបើកឱ្យមានច្រកចេញចូលតែមួយ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើផ្លាកលេខឱ្យបានឆាប់រហ័សនិងទាន់ពេលវេលា។

ថ្លែងក្នុងកម្មវិធី MPWT LIVE SHOW ក្រោមប្រធានបទ ការស្វែងយល់ពីផ្លាកលេខពិសេស និងលេខពិសេសផ្ទាល់ខ្លួន សម្រាប់រថយន្ត នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្លើយតបនូវសំណួររបស់បងប្អូនប្រជាពលរដ្ឋ លោក ស៊ុយ សេរិទ្ធ បានឱ្យដឹងថា គណកម្មាធិការនិងពិចារណា ក្នុងការចុះបញ្ជី លេខពិសេសសម្រាប់ម៉ូតូ បើមានការស្នើសុំច្រើន និងរៀបចំនីតិវិធី ក្នុងការចុះបញ្ជីនេះផងដែរ ឱ្យមានលក្ខណៈងាយស្រួល សម្រាប់ប្រជាពលរដ្ឋ ខណៈដែលបច្ចុប្បន្ននេះលេខពិសេសមានតែលើរថយន្ត។

សំឡេង «គណៈកម្មការនិងពិចារណាថាតើ បើប្រជាពលរដ្ឋភាគច្រើនត្រូវការលេខពិសេសទៅលើម៉ូតូដែរ យើងនឹងពិចារណានិងរៀបចំ ឱ្យមានអន្តរប្រកាសឬប្រកាស ដើម្បីឱ្យទៅជាច្បាប់ក្នុងការចុះបញ្ជីលេខម៉ូតូបានតទៀត។ នេះយើងកំពុងតែពិចារណាទៅលើការងារនេះ យើងមិនធ្វើតាមច្រកទេ ប៉ុន្តែយើងនិងខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែស្រួល ដូចយើងចុះបញ្ជីលេខម៉ូតូធម្មតាដូចនៅខណ្ឌដែរ យើងនឹងព្យាយាមឆ្លើយតប បានពេលណាយើងនឹងពិភាក្សាការងារនេះបន្តទៅទៀត »។

គួរជម្រាបថា យោងតាមស្ថិតិអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានបង្ហាញឱ្យដឹងថា គិតចាប់ពីឆ្នាំ ១៩៩០ រហូតមកដល់ខែកក្កដា ឆ្នាំ ២០២១នេះ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ទទួលការចុះបញ្ជីយានយន្តនៅទូទាំងប្រទេស បានចំនួនសរុបប្រមាណ ៦.១៣២.២០០ យានយន្ត ក្នុងនោះ មានរថយន្តចំនួន ៩២០.២០០គ្រឿង និងទោចក្រយានយន្តចំនួន ៥.២១២.០០០គ្រឿង៕

ប្រភព៖ ក្រសួងព័ត៌មាន