ការនាំចេញអង្កររបស់ប្រទេសថៃ បានវិលមករកភាពល្អប្រសើរវិញហើយក្នុងរយៈពេល ៣ខែជាប់ៗគ្នាមកនេះ ដោយសារតែបរិមាណផលិតកម្មកើនឡើង និងប្រាក់ធ្លាក់ចុះ។ នាយកដ្ឋានពាណិជ្ជកម្មបរទេស (DFT) បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា គោលដៅនាំចេញ ៦ លានតោន គួរតែសម្រេចបាននៅឆ្នាំ ២០២១ នេះ។
លោក Keerati Rushchano អគ្គនាយក នាយកដ្ឋានពាណិជ្ជកម្មបរទេស (DFT) បាននិយាយថា ការនាំចេញអង្ករនៅក្នុងខែមិថុនានិងកក្កដា បានកើនឡើង ៧.៣៥% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោកបាននិយាយថា ផ្អែកលើពាក្យសុំអាជ្ញាប័ណ្ណនាំចេញអង្ករដែល (DFT) ទទួលបានអង្ករចំនួន ៨៣១,២៦០ តោនត្រូវបាននាំចេញក្នុងខែសីហា និង ៦៣១,៣៦៣ តោននៅខែកញ្ញា។ ហើយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន កំណើនត្រូវបានកត់ត្រាក្នុងអត្រា ១៣៣.១៣% នៅក្នុងខែសីហានិង ៦១.៧៨% នៅក្នុងខែកញ្ញា។ ដូច្នេះលោកថា សមហេតុផលដែលរំពឹងថាគោលដៅ ៦ លានតោននឹងសម្រេចបាននៅចុងឆ្នាំនេះ។
ជាមួយគ្នានេះដែរ DFT ក៏បាននិយាយផងដែរថា ការនាំចេញទៅកាន់អាហ្វ្រិកខាងត្បូង ចិន យេម៉ែន និងអ៊ីរ៉ាក់ បានកើនឡើងហើយការបញ្ជាទិញភាគច្រើនសម្រាប់អង្ករស និងអង្ករសំរូប។ ហើយកត្តាចំបងដែលរួមចំណែកដល់ការកើនឡើងនេះ គឺការធ្លាក់ថ្លៃរូបិយប័ណ្ណថៃដែលបានធ្វើឱ្យតម្លៃអង្ករ ជាពិសេសអង្ករស ឡើងដល់កម្រិតមួយជិតនឹងវៀតណាម និងឥណ្ឌា។
គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ២០២១ នេះ ប្រទេសថៃបាននាំចេញអង្ករចំនួន ២,២ លានតោនក្នុងតម្លៃ ១,៣៨ ពាន់លានដុល្លារ។ ចំនួននេះបង្ហាញពីការធ្លាក់ចុះ ២១.០៣% នៃបរិមាណ និង ២៨.១៤% នៃតម្លៃ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand


