យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នេះ បានឱ្យដឹងថា សហរដ្ឋអាមេរិក បានបើកការិយាល័យកសិកម្មលើក ដំបូងរបស់ខ្លួននៅកម្ពុជា ដើម្បីទ្រទ្រង់ពាណិជ្ជកម្មទាក់ទងនឹងកសិកម្ម ដែលកំពុងមានកំណើនរវាងប្រទេសទាំងពីរ។
ឯកឧត្តម ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា W. Patrick Murphy បានឱ្យដឹងថា ត្បិតតែការិយាល័យផ្នែកសេវាកម្មជាមួយបរទេសរបស់ក្រសួងកសិកម្មអាមេរិក ហៅកាត់ថា USDA ស្ថិតនៅក្នុងស្ថានទូតអាមេរិកនៅភ្នំពេញមែន ប៉ុន្តែការងាររបស់គេមាននៅទូទាំងប្រទេសកម្ពុជា ដើម្បីទ្រទ្រង់កិច្ចសហការ និងពាណិជ្ជកម្មទ្វេភាគី ផ្នែកកសិកម្ម សម្រាប់ជាផលប្រយោជន៍នៃប្រទេសទាំងពីរ។
ឯកឧត្តម បានបញ្ជាក់នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២១នេះថា ប្រទេសកម្ពុជាចូលចិត្តផលិតផល និងបច្ចេកវិទ្យាកសិកម្មរបស់អាមេរិក ហើយការិយាល័យថ្មីរបស់ក្រសួងកសិកម្មសហរដ្ឋអាមេរិកនេះ នឹងជំរុញអតិថិជន និងផលិតករកម្ពុជាទទួលបានផលិតផល និងបច្ចេកវិទ្យាទាំងនោះបានកាន់តែច្រើន។ វាជាដំណឹងល្អសម្រាប់ប្រទេសទាំងពីរ ហើយវាក៏បានឆ្លុះ បញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តយូរអង្វែងរបស់យើង ក្នុងការធ្វើឱ្យប្រទេសកម្ពុជាទទួលបានទំនិញ និងសេវាប្រកបដោយគុណភាពពីសហរដ្ឋអាមេរិក»។
យោងតាមរបាយការណ៍របស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានឱ្យដឹងថា ប្រទេសកម្ពុជាកំពុងមានកំណើន សម្រាប់ទំនិញកសិកម្មនាំ ចេញរបស់សហរដ្ឋអាមេរិក ដោយក្នុងឆ្នាំ២០២០ គេលក់បានក្នុងតម្លៃ៧២,៧លានដុល្លារ គឺកើនឡើង៤៧៤ ភាគរយ ក្នុងរយៈពេល១០ឆ្នាំមកនេះ៕




ប្រភព៖ ក្រសួងព័ត៌មាន


