នាយកដ្ឋានដឹកជញ្ជូនផ្លូវដែកថៃ បានបង្ហាញផែនការអភិវឌ្ឍតំបន់នៅ Nong Khai ដើម្បីត្រៀមខ្លួនសម្រាប់ការតភ្ជាប់ផ្លូវដែកជាមួយប្រទេសឡាវ ខណៈដែលប្រទេសថៃកំពុងរៀបចំពាណិជ្ជកម្មបន្ថែមទៀត ជាមួយប្រទេសចិនតាមខ្សែបន្ទាត់តភ្ជាប់ប្រទេសទាំងបី។ សារព័ត៌មាន Banogkok Post បានដកស្រង់សម្តីរបស់លោក Kittiphan Panchan អគ្គនាយកនៃអគ្គនាយកដ្ឋាននេះនិយាយថា ទីតាំងទំហំ ៨០រ៉ៃ នៅស្ថានីយ៍រថភ្លើង Nong Khai នឹងត្រូវបានអភិវឌ្ឍជាឃ្លាំងដើម្បីដោះស្រាយពាណិជ្ជកម្មអន្តរជាតិ។
លោកបានបន្តថា ទីលានដឹកជញ្ជូននឹងត្រូវបានសាងសង់ដើម្បីគ្រប់គ្រងទំនិញដែលត្រូវបានដឹកតាមរថភ្លើងថៃ និងពីប្រទេសចិន។ ហើយប្រទេសនេះ ក៏គ្រោងនឹងសាងសង់ស្ពានថ្មីមួយទៀតឆ្លងកាត់ទន្លេមេគង្គសម្រាប់រថភ្លើងចម្ងាយប្រហែល ៣០ ម៉ែត្រពីស្ពានមិត្តភាពថៃ-ឡាវបច្ចុប្បន្ន។
ឥឡូវនេះប្រទេសថៃរំពឹងថា នឹងអាចតភ្ជាប់ជាមួយឡាវនិងចិននៅឆ្នាំ២០២៨ នៅពេលខ្សែរថភ្លើងល្បឿនលឿនដំបូងពីទីក្រុង Banogkok ទៅ Nong Khai ត្រូវបានបញ្ចប់។ ផ្នែកដំបូងនៃខ្សែល្បឿនលឿនកំពុងសាងសង់ពីបាងកកទៅនគររាជសីម៉ា ហើយអាចដាក់ឲ្យដំណើរការបាននៅឆ្នាំ ២០២៦ ។ រថភ្លើងល្បឿនលឿននៅប្រទេសថៃនឹងអាចដំណើរការបានក្នុងល្បឿនអតិបរមា ២៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈរថភ្លើងនៅប្រទេសឡាវនឹងមានល្បឿនអតិបរមា ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។
គួរបញ្ជាក់ផងដែរថា ផ្លូវដែកឡាវ-ចិនគឺជាផ្នែកមួយនៃបណ្តាញឆ្លងទ្វីបអាស៊ីក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវដឹកនាំដោយប្រទេសចិន ដើម្បីតភ្ជាប់ប្រព័ន្ធផ្លូវដែករបស់ខ្លួនជាមួយអាស៊ីអាគ្នេយ៍។ រដ្ឋាភិបាលថៃរំពឹងថា ការតភ្ជាប់ផ្លូវដែកនេះនឹងជួយជំរុញពាណិជ្ជកម្មនិងទេសចរណ៍បន្ថែមទៀតរវាងថៃនិងចិន៕


អត្ថបទ៖ លីនី
ប្រភព៖ vietnamplus


