ផែនការបើកខេត្តចំនួន ៥ ឡើងវិញនៅក្នុងប្រទេសថៃ អាចនឹងត្រូវពន្យារពេល ដោយសាររឿងមួយនេះ
សេដ្ឋកិច្ច September 22, 2021 Khmernote

ផែនការបើកឡើងវិញសម្រាប់ខេត្តចំនួន ៥ របស់ប្រទេសថៃ អាចនឹងត្រូវពន្យារពេល ១ខែទៀតពីពេលដែលកំណត់ទុក ដោយសារតែអត្រាចាក់វ៉ាក់សាំងរបស់ខេត្តនីមួយៗនៅតែមានចំនួនតិចជាង ៧០% ដែលធ្វើឱ្យខេត្ត ឈៀងម៉ៃ ជឿជាក់លើទីផ្សារក្នុងស្រុកជំនួសវិញ នេះយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។

លោក Thanet Phetsuwan អនុប្រធានផ្នែកទំនាក់ទំនងនិងទីផ្សារនៃអាជ្ញាធរទេសចរណ៍ថៃ (TAT) បាននិយាយថា ផែនការខែតុលាអាចត្រូវពន្យារពេលដល់ថ្ងៃទី ១ ខែវិច្ឆិកា ដោយសារលក្ខខណ្ឌដែលតំបន់នីមួយៗត្រូវមានប្រជាជនចំនួន ៧០% បានទទួលការចាក់វ៉ាក់សាំង។ ការពន្យារពេលនេះបានកើតឡើងបន្ទាប់ពី TAT បានជួបប្រជុំជាមួយក្រុមការងារនៅក្រោមក្រសួងសុខាភិបាល អំពីសំណើបើកដំណើរការឡើងវិញ មុនពេលសំណើត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានភាព Covid-19 (CCSA)។

ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលក៏បានលើកឡើងពីការព្រួយបារម្ភអំពីស្ថានភាពវីរុស ដែលកំពុងប្រែប្រួលនៅក្នុងប្រទេស ដោយករណីថ្មីនៅតែមានជាង ១០,០០០ នាក់ជារៀងរាល់ថ្ងៃ។ គួរបញ្ជាក់ផងដែរថា ខេត្តដែលរងផលប៉ះពាល់ចំនួន ៥ ដែលគ្រោងនឹងបើកដំណើរការឡើងវិញនៅខែក្រោយមានដូចជា៖ Chiang Mai, Chon Buri, Phetchaburi, Prachuap Khiri Khan, និងទីក្រុង Bangkok៕


អត្ថបទ៖ លីនី
ប្រភព៖ bangkokpost