ទោះស្ថិតក្នុងវិបត្តិកូវីដ-១៩ តែការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី សម្រេចបានជិតពាក់កណ្ដាលហើយ
សេដ្ឋកិច្ច September 20, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានឱ្យដឹងថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរថ្មីសម្រេចបាន ៤៥% ហើយ ដោយផ្តោតសំខាន់ទៅនឹងការបំពាក់ឧបករណ៍បច្ចេកទេសនិងរចនាបទអាកាសយានដ្ឋាន ។

ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការដ្ឋាន និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានមានប្រសាសន៍ថា បើទោះបីកម្ពុជាក៏ដូចជា សកលលោក នៅតែបន្តជួបវិបត្ដិកូវីដ-១៩យ៉ាងណាក្ដី ប៉ុន្ដែក្រុមហ៊ុនអាចគ្រប់គ្រងការសាងសង់អាកាសយានដ្ឋានអន្ដរជាតិថ្មី នៅលើ ទឹកដីអង្គរខេត្ដសៀមរាបនេះ ឱ្យនៅតែដំណើរការបានជាធម្មតា ពោលគឺក្រុមហ៊ុនវិនិយោគបានបង្កើនការងារសាងសង់ទាំងយប់ទាំងថ្ងៃ ដើម្បីឱ្យសម្រេចគោលដៅដូចអ្វីដែលបានគ្រោងទុក ឱ្យរួចរាល់នៅឆ្នាំ២០២៣ខាងមុខ ។

«ចំពោះវឌ្ឍនភាពនៃការសាងសង់យានដ្ឋានសៀមរាបថ្មី បើយើងគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា គឺវឌ្ឍនភាពនិងការរីកចម្រើន នៃការសាងសង់គឺសម្រេចបានជាង៤៥ភាគរយហើយ ហើយទៅតាមកម្មវិធីគឺក្រុមហ៊ុនពុំមានការពន្យារពេលអ្វីនោះទេ គឺគ្រោងដាក់ ឱ្យដំណើរការដំណាក់កាលទី១នេះ គឺនៅខែមីនា ឆ្នាំ២០២៣ អញ្ចឹងមានន័យថានៅក្នុងឆ្នាំ២០២២ ក្នុងខែ៩ ខែ១០ គឺគម្រោងនឹងបញ្ចប់ ហើយ ហើយក្រុមហ៊ុននឹងចាប់ផ្ដើមធ្វើការសាកល្បង ដើម្បីឱ្យការដំណើរការនៅក្នុងឆ្នាំ២០២៣ ខែមីនា គឺបានបើកដំណើរការតែម្ដង »។

ឯកឧត្ដមបានបន្តទៀតថា មកដល់ពេលនេះក្រុមហ៊ុនអភិវឌ្ឍន៍របស់ចិន( AIAI ) Angkor International Airport Investment (Cambodia)Co., Ltd សាងសង់សម្រេចបានជាង៤៥ភាគរយហើយ ក្នុងនោះមានគម្រោងចំនួន៣ធំៗរួមមាន ៖ សង់សំណង់អាគារ , សំណង់ដែលពាក់ព័ន្ធនឹងការចុះចតយន្ដហោះ និងសំណង់ផ្សេងៗដែលពាក់ព័ន្ធនឹងសេវាកម្មរបស់អាកាសយានដ្ឋាន ។ គម្រោងចែកជាសមាសភាគធំៗ៣ គឺតំបន់ស្ថានីយចុះចត ហើយនឹងតំបន់ស្ថានីយមានបូកនឹងការដំឡើងនិងអគារផ្សេងៗដែលពាក់ព័ន្ធ និងតំបន់គាំទ្រ ហើយតំបន់គាំទ្រនោះគឺទាក់ទងនឹងអគារដែលពាក់ព័ន្ធនឹងផ្នែករដ្ឋបាល គ្រប់គ្រងសន្តិសុខទាំងអស់ហ្នឹង ចឹងវាចែកចេញជា ៣ធំៗហ្នឹង គឺ Areal building និងSide Porting Service ក្នុងហ្នឹងយើងសរុបទៅបានជាង៣០ភាគរយហើយ ។

សូមបញ្ជាក់ថា អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី មានទីតាំងស្ថិតនៅឃុំពពេល ស្រុកសូទ្រនិគម ខេត្ដសៀមរាប ដែលបាន ចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី១៥ខែមីនាឆ្នាំ២០២០ នៅលើផ្ទៃដីប្រមាណ៧០០ហិកតា ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣ ដែលមានរយៈពេល៣៦ខែ ក្រោយពីអ្នកជំនាញបានសិក្សាប្លង់មេរួចរាល់កាលពីឆ្នាំ២០១៦កន្លងទៅ ៕

ប្រភព៖ ក្រសួងព័ត៌មាន