ប្រទេសថៃ កំពុងរៀបចំកាត់បន្ថយពន្ធ លើការនាំចូលភេសជ្ជៈមានជាតិអាល់កុល និងបារី ៥០% ព្រោះតែមូលហេតុមួយនេះ
សេដ្ឋកិច្ច September 20, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា នាយកដ្ឋានគយថៃកំពុងរៀបចំកាត់បន្ថយពន្ធលើការនាំចូលភេជ្ជៈមានជាតិអាល់កុល និងបារី (cigar) ៥០% ក្នុងរយៈពេល ៥ឆ្នាំ ស្របបតាមកញ្ចប់ថវិកាជំរុញ និងវិនិយោគរបស់រដ្ឋាភិបាល។ លោក Patchara Anuntasilpa អគ្គនាយកនៃនាយកដ្ឋានបាននិយាយថា ការកាត់បន្ថយនេះគឺយោងតាមសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រីថ្ងៃទី ១៤ ខែកញ្ញាដែលពាក់ព័ន្ធនឹងផែនការស្តារសេដ្ឋកិច្ចក្រោយកូវីដ-១៩ ដោយលើកទឹកចិត្តជនបរទេស ដែលមានទ្រព្យសម្បត្តិច្រើន និងអ្នកជំនាញដែលមានជំនាញខ្ពស់មកស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ។

លោកស្រី Roengrudee Patanavanicha អ្នកស្រាវជ្រាវការត្រួតពិនិត្យថ្នាំជក់បាននិយាយថា ចំណាត់ការរបស់នាយកដ្ឋានគយបានធ្វើឱ្យលោកស្រីមានការប្រយ័ត្នប្រយែង ព្រោះរចនាសម្ព័ន្ធពន្ធថ្មីសម្រាប់បារីត្រូវបានគេរំពឹងថា នឹងចូលជាធរមាននៅខែក្រោយ។ លោកស្រីបានបន្ថែមថា នៅក្រោមប្រព័ន្ធថ្មីអត្រាពន្ធ ៤០% នឹងត្រូវបានអនុវត្តចំពោះបារីដោយមិនគិតពីតម្លៃលក់រាយ។

គួរឱ្យដឹងថា គម្រោងនេះសង្ឃឹមថា នឹងទាក់ទាញមនុស្សដែលមានសមត្ថភាពជាងមួយលាននាក់មកកាន់ប្រទេសថៃក្នុងរយៈពេល ៥ ឆ្នាំខាងមុខ និងបង្កើតប្រាក់បានប្រហែលមួយទី្រលានបាតក្នុងរយៈពេលដែលបានកំណត់ទុកនោះ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand