ចិនផ្អាកនាំចូលផ្លែស្រកានាគពីវៀតណាមជាបណ្ដោះអាសន្នភ្លាមៗ ក្រោយរកឃើញមានដានកូវីដ-១៩ លើសំបកវេចខ្ចប់
សេដ្ឋកិច្ច September 18, 2021 Khmernote

ប្រទេសចិន បានបញ្ឈប់ការនាំចូលផ្លែស្រការនាគពីប្រទេសវៀតណាមជាបណ្ដោះអាសន្ន បន្ទាប់ពីរកឃើញវីរុសកូវីដ-១៩ លើសំបកវេចខ្ចប់។ យោងតាមក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានឱ្យដឹងថា ការផ្អាកនេះបានចាប់ផ្តើមនៅថ្ងៃទី ១៥ ខែកញ្ញា ហើយនឹងត្រូវបានដកចេញវិញដោយស្វ័យប្រវត្តិនៅថ្ងៃទី ២១ ខែកញ្ញា ប្រសិនបើមិនរកឃើញករណីថ្មីនៃជំងឺកូវីដ-១៩។

ក្រសួងបានបន្តថា ប្រទេសចិននឹងអនុវត្តការផ្អាកមួយសប្តាហ៍ដូចគ្នា ចំពោះផលិតផលផ្សេងទៀតដែលរកឃើញផ្ទុកវីរុស។ ហើយប្រសិនបើផលិតផលត្រូវបានរកឃើញថា ផ្ទុកវីរុសនេះនៅក្នុងប្រភេទបីផ្សេងគ្នា ការព្យួរនឹងត្រូវបានកំណត់រយៈពេល ៤សប្តាហ៍។ ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងពាណិជ្ជកម្មវៀតណាម បានបញ្ជាឱ្យអាជីវកម្មពិនិត្យឡើងវិញនូវដំណើរការប្រមូលផល និងសំបកវេចខ្ចប់របស់ពួកគេដើម្បីចៀសវាងឧបទ្ទវហេតុស្រដៀងគ្នានេះ។

គួរបញ្ជាក់ផងដែរថា ប្រទេសចិនដែលជាទីផ្សារនាំចេញធំទី២ របស់វៀតណាមបន្ទាប់ពីសហរដ្ឋអាមេរិកបានរឹតបន្តឹងការនាំចូលផលិតផលវៀតណាមក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ខណៈប្រទេសនេះស៊ូទ្រាំនឹងរលកកូវីដ-១៩ ទី៤ របស់ខ្លួន។ ជាមួយគ្នានេះ ប្រទេសចិនបានផ្អាកជាបណ្តោះអាសន្ននូវការនាំចូលផលិតផលជាច្រើនដងនៅក្នុងខែកក្កដានិងសីហារួចមកហើយ ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់អ្នកនាំចេញរបស់វៀតណាម៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress