កសិករវៀតណាមកំពុងជួបទុក្ខធំ ខណៈ មាន់ ទា ពពែ រាប់លានក្បាល និងស៊ុតរាប់លានគ្រាប់ចាល់លក់មិនចេញ
សេដ្ឋកិច្ច September 18, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា សត្វមាន់ ទា​ ពពែ ព្រមទាំងស៊ុត រាប់លានក្បាល និងគ្រាប់ នៅតំបន់ភាគអាគ្នេយ៍នៃប្រទេសវៀតណាម លក់មិនចេញចាល់ពេញកសិដ្ឋាន ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ក្រោយនេះ។ សារព័ត៌មានដដែលបានឱ្យដឹងថា ក្នុងនោះមានមាន់ចំនួន ៧ លានក្បាល ទាចំនួន ៨០,០០០ ក្បាល ពពែចំនួន ៦,០០០ ក្បាល និងស៊ុតមាន់រាប់លានគ្រាប់ ដែលកសិករប្រមូលបាន។

លោក Le Van Quyet ប្រធានសហករណ៍ សមាគមបង្កាត់ពូជអាគ្នេយ៍អនុប្រធានសមាគមបង្កាត់ពូជភាគខាងត្បូង Long Thanh Phat បាននិយាយថា ការប្រើប្រាស់បានរងផលប៉ះពាល់យ៉ាងខ្លាំងបន្ទាប់ពីការបិទកន្លែងស.ម្លា.ប់សត្វ ដោយសារតែជំងឺរាតត្បាត Covid-19 ។

លោកបន្តថា ការលក់ប្រចាំថ្ងៃបានធ្លាក់ចុះ ៦០-៧០% ហើយសមាគមរបស់លោកប៉ាន់ប្រមាណថា តំបន់ភាគអាគ្នេយ៍មានមាន់លក់មិនចេញប្រមាណ ៥-៧ លានក្បាល ហើយកសិករកំពុងកាត់បន្ថយហ្វូងសត្វរបស់ពួកគេដើម្បីចៀសវាងការខាតបង់ច្រើន។ លោកបានបន្ថែមទៀតថា ការប្រើប្រាស់ស៊ុត ក៏នៅជាប់ទ្រឹងមួយរយៈ ដោយសារតែហាងនំខេកត្រូវបានបិទ។

ជាមួយគ្នានេះ លោក Pham Van Bong ប្រធានមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តបានឱ្យដឹងថា ជារៀងរាល់ថ្ងៃ Binh Duong មានពងមាន់ជាងពីរលាន និងពងក្រួចចំនួន ២០ ម៉ឺនគ្រាប់ដែលមិនត្រូវបានគេប្រើប្រាស់នៅលើទីផ្សារ។ ហើយនៅ Dong Nai កសិករមានជ្រូករាប់ពាន់ក្បាល មាន់សចំនួន ២០ ម៉ឺនក្បាល ទាចំនួន ៨០,០០០ ក្បាល ពពែចំនួន ៦,០០០ ក្បាល និងសត្វក្រួចចំនួន ៣០ ម៉ឺនក្បាល ផ្លែប៉ោមចំនួន ៥០ តោន និងសណ្តែកចំនួន ៨០០ តោនដែលមិនទាន់លក់ចេញ៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress