មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ កូវីដ-១៩ ថៃ មិនទាន់យល់ព្រមបើកដំណើរការទីក្រុងបាងកកឡើងវិញសម្រាប់អ្នកដំណើរបរទេសនៅខែក្រោយនេះទេ
សេដ្ឋកិច្ច September 18, 2021 Khmernote

មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ កូវីដ-១៩ (CCSA) បាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួនមិនទាន់យល់ព្រមបើកដំណើរការទីក្រុងបាងកកឡើងវិញសម្រាប់អ្នកដំណើរបរទេសនៅខែក្រោយនេះទេ។ អ្នកនាំពាក្យ CCSA លោកស្រី Apisamai Srirangsan បានបញ្ជាក់ថា ផែនការ «Bangkok Sandbox» ដើម្បីទទួលយកអ្នកទេសចរបរទេសដែលបានចាក់វ៉ាក់សាំងពេញលេញដោយគ្មានការមិនធ្វើចត្តាឡីស័កពីថ្ងៃទី១ ខែតុលា មិនត្រូវបានផ្តល់ភ្លើងខៀវទេ។

អ្នកនាំពាក្យបានឱ្យដឹងទៀតថា សំណើនេះត្រូវតែពិភាក្សាជាមួយទីភ្នាក់ងារពាក់ព័ន្ធជាមុនសិន មុននឹងបញ្ជូនទៅក្រសួងសុខាភិបាលដើម្បីពិនិត្យឡើងវិញដោយប្រយ័ត្នប្រយែង ព្រោះទីក្រុងបាងកកជាតំបន់ធំនិងសម្បូរបែប។ លោកស្រីបានបន្ថែមថា ផែនការដែលបានបញ្ចប់នឹងត្រូវបញ្ជូនទៅ CCSA ដើម្បីសុំការយល់ព្រម។

គួរបញ្ជាក់ផងដែរថា កាលពីដើមសប្តាហ៍នេះក្រសួងទេសចរណ៍ និងកីឡា និងរដ្ឋបាលក្រុងបាងកក (BMA) បានយល់ព្រមស្នើផែនការបើកទីក្រុងបាងកកឡើងវិញសម្រាប់អ្នកដំណើរបរទេសដោយមិនចាំបាច់ធ្វើចត្តាឡីស័កទៅ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ កូវីដ-១៩ (CCSA)៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand