ទីក្រុងបាងកក នឹងបើកទទួលភ្ញៀវទេសចរបរទេសដោយមិនចាំបាច់ធ្វើចត្តាឡីស័កនៅពាក់កណ្ដាលខែក្រោយនេះ
ទេសចរណ៍ September 16, 2021 Khmernote

អជ្ញាធរទីក្រុងបាងកក បាននិយាយកាលពីថ្ងៃពុធថា ចាប់ពីថ្ងៃទី១៥ ខែតុលា ឆ្នាំនេះ ភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងពេញលេញនឹងអាចទៅលេងទីក្រុងបាងកកដោយមិនចាំបាច់ធ្វើចត្តាឡីស័កឡើយ។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងកីឡាលោក Phiphat Ratchakitprakarn បានប្រកាសពីការផ្លាស់ប្តូរនេះ បន្ទាប់ពីពិភាក្សាជាមួយអភិបាលក្រុងបាងកកលោក Aswin Kwanmuang ។

លោក Phiphat បានលើកឡើងថា ខណ្ឌគ្រប់ទីក្រុងបាងកកនឹងបើកទទួលអ្នកដំណើរបរទេសក្នុងពេលតែមួយ ខណៈសមាមាត្រនៃមនុស្សដែលបានចាក់វ៉ាក់សាំងនៅគ្រប់ខណ្ឌក្នុងក្រុងបាងកក ត្រូវបានគេរំពឹងថានឹងឈានដល់កំរិត ៧០% សម្រាប់ការបើកឡើងវិញនៅចុងខែនេះ។

ជាមួយគ្នានេះ លោកបានបន្ថែមថា តំបន់ទេសចរណ៍ចំនួនបួនផ្សេងទៀត រួមមាន៖ Hua Hin, Cha-am, Chiang Mai និង Pattaya នឹងបើកដំណើរការនៅថ្ងៃទី០១ ខែតុលា ខាងមុខនេះ ប្រសិនបើការរៀបចំរួចរាល់តាមផែនការ។ គួរបញ្ជាក់ផងដែរថា ប្រទេសថៃនៅតែរាតត្បាតដោយវីរុសកូវីដ-១៩ ដដែល ខណៈក្រសួងសុខាភិបាលថៃបានប្រកាសនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ប្រទេសថៃបានរកឃើញករណីថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១៣,៨៩៧ ករណីនិងមានអ្នកស្លាប់ចំនួន ១៨៨ នាក់បន្ថែមទៀតក្នុងរយៈពេល ២៤ ម៉ោងមុននេះ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand