ដំណឹងល្អសម្រាប់ផលិតករកម្ពុជា! អំបិលនិងផ្កាអំបិលកំពត គ្រោងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ដែលបង្ហាញពីការទទួលស្គាល់គុណភាពថ្នាក់ជាតិ និងថ្នាក់អន្ដរជាតិ
សេដ្ឋកិច្ច September 15, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា អំបិលនិងផ្កាអំបិលកំពត ត្រូវបានក្រសួងពាណិជ្ជកម្ម និងដៃគូសហការកំពុងសិក្សាគ្រោងនឹងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ដែលបង្ហាញពីការទទួលស្គាល់គុណភាពទាំងថ្នាក់ជាតិ និងថ្នាក់អន្ដរជាតិ។ លោក សុខ គឹមជឿន ប្រធាន មន្ទីរឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពត បានឱ្យដឹងថា បច្ចុប្បន្នក្រសួងពាណិជ្ជកម្ម និងដៃគូសហការ បាននិងកំពុងសិក្សាអំពីការដាក់ «អំបិលនិងផ្កាអំបិលកំពត» ទៅក្នុងផលិតផលសម្គាល់ភូមិសាស្រ្ដទំនិញ។

លោកបន្ដថា ការចុះបញ្ជី «អំបិល និងផ្កា អំបិលកំពត» ជាផលិតផលសម្គាល់ភូមិសាស្រ្ដទំនិញនេះ វាផ្ដល់ផលប្រយោជន៍ទាំងកសិករ និងអ្នកផលិតអំបិល ព្រោះថាការទទួលបានជាទំនិញសម្គាល់ភូមិសាស្រ្ដ គឺជាការទទួលស្គាល់គុណភាព ហើយវាក៏ជាមុខមាត់សម្រាប់ប្រទេសកម្ពុជា និងជាយុទ្ធសាស្រ្ដមួយក្នុងការផ្សព្វផ្សាយអំពីអំបិលរបស់កម្ពុជា ទៅកាន់ទីផ្សារទាំងក្នុងប្រទេសនិងក្រៅប្រទេស។

«បើសិនជាចុះបញ្ជីម៉ាកដែលក្រុមផលិតអំបិលប៉ុន្មានក្រុមដែលមានស្ថានភាពដីគាត់ល្អមានអំណោយ ផលសម្រាប់ការផលិតអំបិលហ្នឹង អ៊ីចឹងគាត់អាចផលិតអំបិលមកទាំងគុណភាពគឺបានល្អ អានឹងពេលចុះទៅបញ្ជីទៅគឺថាមានប្រយោជន៍សម្រាប់ពួកគាត់។ នៅពេលដែលចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តនៅពេលនោះគេដាក់ឧទាហរណ៍តាមអ្វីដែលខ្ញុំដឹង ឧបមាថាផលិតផលនិងឈ្មោះអី អំបិលហ្នឹងក្រុមផលិតឈ្មោះអី នៅមណ្ឌលណាមកពីណា អញ្ចឹងត្រូវបានផ្សព្វផ្សាយទូលាយ អ៊ីចឹងចំពោះគាត់គឺងាយស្រួលក្នុងការកម្ម៉ង់បញ្ជាទិញហូរហែ»។

លោក ប្រធានមន្ទីរឧស្សាហកម្ម បានបន្ដថា ចំពោះការចុះ បញ្ជីម៉ាកនេះ វាក៏មានផលប៉ះពាល់មួយចំនួនផងដែរ សម្រាប់កសិករដែលមិនបានចុះបញ្ជី ពីព្រោះមុននឹងឈានដល់ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រ គឺខាងក្រសួងការងារ បានត្រួតពិនិត្យគ្រប់ជ្រុងជ្រោយ ទៅលើលក្ខខណ្ឌមួយ ចំនួនទាំងគុណភាពអំបិល ស្ថានភាពដីជាដើម ។

ចំណែកកញ្ញា ថូង ធីតា អគ្គនាយិកាសហគ្រាស ថូង អ៊ិនធ័រប្រោយស៍ បានឱ្យដឹងថា គម្រោងនៃការត្រៀមដាក់អំបិល-ផ្កាអំបិលកំពត ទៅជាទំនិញសម្គាល់ភូមិសាស្រ្ដនេះ កញ្ញា ពិតជាមានអារម្មណ៍សប្បាយរីករាយ ហើយវាជារឿងល្អសម្រាប់ផលិតកររបស់កម្ពុជា។

បើយោងតាមរបាយការណ៍របស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុ វត្តន៍ ខេត្តកំពតបានឱ្យដឹងថា ឆ្នាំ២០២១នេះផ្ទៃដីដែលបានផលិតអំបិលមានទំហំ ២ ៨៥៧ហិកតា មានក្រុមផលិតចំនួន ១៣៩ក្រុម និងផលិតបានសរុបចំនួន ៦៨ ៦៨២ តោន។ គិតត្រឹមខែសីហា ឆ្នាំ ២០២១ អំបិលនៅសល់ស្តុក ក្នុងឃ្លាំងសរុបចំនួន ៣៧ ១០៥ តោន ហើយចំនួនអំបិលដែលសល់ក្នុងស្ដុកនេះ មិនត្រឹមតែផ្គត់ផ្គង់គ្រប់គ្រាន់លើទីផ្សារឆ្នាំនេះប៉ុណ្ណោះទេ ប៉ុន្ដែអាចសល់ខ្លះសម្រាប់ឆ្នាំក្រោយផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន