ការលក់រថយន្តនៅវៀតណាម ធ្លាក់ចុះជិត ៧០% ក្នុងខែសីហាឆ្នាំនេះ ជាចំនួនទាបបំផុត រយៈពេល ៧ ឆ្នាំ
សេដ្ឋកិច្ច September 15, 2021 Khmernote

សមាគមរោងចក្រផលិតរថយន្តវៀតណាម បាននិយាយថា នៅក្នុងខែសីហា ឆ្នាំនេះ ការលក់រថយន្តរបស់សមាជិករបស់ខ្លួនបានធ្លាក់ចុះខ្លាំងមិនធ្លាប់មាន ក្នុងរយៈពេល ៧ឆ្នាំ កន្លងមកនេះ។ បើតាមសមាគម សមាជិករបស់ខ្លួនលក់រថយន្តបានតែ ៧,៧១៤ គ្រឿងប៉ុណ្ណោះនៅក្នុងខែសីហា ដែលជាចំនួនទាបបំផុតក្នុងរយៈពេល ៧ ឆ្នាំ ធ្លាក់ចុះ ៦៨% ពីមួយឆ្នាំទៅមួយឆ្នាំ និង ៤៧% ធៀបនឹងខែកក្កដា។

ប្រភពដដែលបានបន្តឱ្យដឹងថា ការធ្លាក់ចុះក្នុងខែសីហានេះ គឺជាខែទីប្រាំ៥ ហើយដែលឧស្សាហកម្មលក់រថយន្តធ្លាក់ចុះ។ ជាមួយគ្នានេះមូលេហតុដែលបណ្ដាលឱ្យធ្លាកចុះ គឺដោយសារវិធានរក្សាគម្លាតសង្គម និងចំពេលមានជំងឺកូវីដ-១៩ នៅតាមបណ្តាខេត្តក្រុងជាច្រើនជាពិសេសទីក្រុងហាណូយ និងទីក្រុងហូជីមិញ។

ក្រុមហ៊ុនផលិតរថយន្ត និងមិនមែនជាសមាជិកនៃសមាគមផលិតរថយន្តវៀតណាម TC Motor ដ៏ធំបំផុតរបស់ប្រទេសនេះ បានឃើញការលក់ធ្លាក់ចុះ ៦០% ពីមួយឆ្នាំទៅមួយឆ្នាំនៅខែសីហាចំនួន ២,១៨២ គ្រឿង។ ហើយសមាជិកសមាគម VAMA បានលក់រថយន្តចំនួន ១៥៧,៧៧៧ គ្រឿងឆ្នាំនេះ កើនឡើង ៨% បើធៀបនឹងឆ្នាំ ២០២០។ គួរបញ្ជាក់ថា ការលក់រថយន្តបានកើនឡើងយ៉ាងខ្លាំងនៅឆមាសទី ២ នៃឆ្នាំ២០២០ បន្ទាប់ពីបានកាត់បន្ថយថ្លៃចុះបញ្ជី ៥០% មានចំនួន ១០-១២% នៃតម្លៃយានយន្ត៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress