រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម៖ សេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៣នឹងធ្វើឱ្យកម្ពុជាទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន
សេដ្ឋកិច្ច September 15, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះបានឱ្យដឹងថា ឯកឧត្ដម រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចាត់ទុកសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៣ នឹងធ្វើឱ្យកម្ពុជាទទួលបាន អត្ថប្រយោជន៍យ៉ាងច្រើន នៅពេលដែលកិច្ចព្រមព្រៀងនិងច្បាប់ទាំងនេះចូលជាធរមាន។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា សេចក្តីព្រាងច្បាប់ចំនួន៣នេះរួមមាន ៖ (១) សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប), (២) សេចក្តីព្រាងច្បាប់ ស្តីពីការ អនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា-រដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាមានិតចិន និង (៣) សេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង ខណៈដែលសេចក្តីព្រាងច្បាប់នេះ ត្រូវបានលើកយកមកពិភាក្សា តាមប្រព័ន្ធវីដេអូ ជាមួយអន្តរគណៈកម្មការព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម គង់ សារាជ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជា ប្រធានគណៈកម្មការទី៩នៃព្រឹទ្ធសភា កាលពីថ្ងៃទី១៤ ខែកញ្ញា។

ក្នុងនាមតំណាងរាជរដ្ឋាភិបាល ឯកឧត្តមរដ្ឋមន្រ្តី បានឡើងថ្លែងការពារសេចក្តីព្រាងច្បាប់ទាំង៣ខាងលើ និងបានជម្រាបអង្គប្រជុំ អំពីខ្លឹមសារសំខាន់ៗព្រមទាំងអត្ថប្រយោជន៍ ដែលកម្ពុជានឹងទទួលបាននៅពេលកិច្ចព្រមព្រៀងនិងច្បាប់ទាំងនេះចូលជាធរមាន និងបានឆ្លើយសំណួរស្វែងយល់បន្ថែមរបស់គណៈកម្មការព្រឹទ្ធសភាយ៉ាងក្បោះក្បាយ ដោយឯកឧត្តមរដ្ឋមន្រ្តីបានជម្រាប អង្គប្រជុំ ពីកិច្ចខិតខំរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការកសាងច្បាប់ និងបទដ្ឋានគតិយុត្តវិស័យពាណិជ្ជកម្មសំដៅធ្វើឱ្យប្រសើរទ្បើង នូវបរិយាកាសធុរកិច្ច ក៏ដូចជាការធ្វើពិពិធកម្មទីផ្សារ និងស្វែងរកទីផ្សារបន្ថែម តាមរយៈការចរចារបង្កើត កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីទ្វេភាគី និងពហុភាគីជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗផងដែរ ដើម្បីជំរុញការនាំចេញ ស្របតាមគោលនយោបាយចតុកោណ ដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា។

ជាលទ្ធផល បន្ទាប់ពីជជែកពិភាក្សាយ៉ាងផុសផុលរួចមក គណៈកម្មការទី៩នៃព្រឹទ្ធសភាបានអនុម័តយល់ព្រមទាំងស្រុង ហើយ ដាក់សេចក្តីព្រាងច្បាប់ខាងលើចូលក្នុងកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា នាពេលខាងមុខ ដើម្បីស្នើសុំការអនុម័តយល់ព្រម។ សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា- រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និង សេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង ត្រូវបានរដ្ឋសភាអនុម័តយល់ព្រមទាំងស្រុង ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា លើកទី៦ នីតិកាលទី៦ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១រួចហើយ ៕

ប្រភព៖ ក្រសួងព័ត៌មាន