អូស្ដ្រាលី កំពុងរៀបចំហិរញ្ញប្បទានជិត ៥០លានដុល្លារ ជួយដល់ការអភិវឌ្ឍភាពធន់វិស័យសេដ្ឋកិច្ច នៅកម្ពុជា
សេដ្ឋកិច្ច September 14, 2021 Khmernote

អូស្ដ្រាលី កំពុងរៀបចំហិរញ្ញប្បទាន ៦៦លានដុល្លារអូស្រ្តាលី (ប្រមាណ ៤៨.៤លានដុល្លារ) ដើម្បីជួយដល់ការអភិវឌ្ឍភាពធន់វិស័យសេដ្ឋកិច្ច នៅកម្ពុជា នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា ដែលបានចេញផ្សាយនាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ។ ការបញ្ជាក់ពីផែនការផ្ដល់ជំនួយនេះ ត្រូវបានធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ រវាង លោក Andreas Zurbrugg ​អនុប្រធានបេសកកម្មនៃស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា និងសហការី ជាមួយនឹង ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង។

នៅក្នុងជំនួប លោក Andreas Zurbrugg បានបញ្ជាក់អំពីការគាំទ្ររបស់អូស្រ្តាលីក្នុងកិច្ចអភិវឌ្ឍរបស់កម្ពុជា តាមរយៈការផ្ដល់ហិរញ្ញប្បទានប្រមាណ ៦៦លានដុល្លារអូស្រ្តាលី សម្រាប់ឆ្នាំ២០២១ ដើម្បីគាំទ្រដល់កម្មវិធីអភិវឌ្ឍន៍ដែលផ្ដោតលើវិស័យ សន្តិសុខសុខាភិបាល , ភាពធន់សេដ្ឋកិច្ច កសិកម្ម និងអប់រំ។

លើសពីនេះ ភាគីអូស្រ្តាលីក៏បានបញ្ជាក់ពីការបន្តផ្ដល់គាំទ្រហិរញ្ញប្បទានបន្ថែមលើកម្មវិធីចំនួន ២ ផ្សេងទៀត គឺកម្មវិធីលើកម្ពស់គុណភាព និងសមភាពសុខាភិបាលដំណាក់កាលទី២ ប្រមាណ ៣០ លានដុល្លារអូស្រ្តាលី និងគម្រោង Social Accountability Framework Project ដំណាក់កាលទី២ ប្រមាណ ១៥លានដុល្លារអូស្រ្តាលី សម្រាប់រយៈពេល ៥ឆ្នាំខាងមុខ៕

អត្ថបទ៖ លីនី