រោងចក្រ សហគ្រាស ផលិតស្បែក និងស្បែកជើងចំនួន ៨០% នៅវៀតណាមបង្ខំចិត្តបិទទ្វារ ដោយសារកូវីដ
សេដ្ឋកិច្ច September 14, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress បានឱ្យដឹងថា រោងចក្រ សហគ្រាសផលិតស្បែក និងស្បែកជើងចំនួន ៨០% នៅភាគខាងត្បូងក្នុងប្រទេសវៀតណាម បានបញ្ឈប់ការផលិតដោយសារតែ វិធានការរក្សាគម្លាតសង្គម និងកង្វះកម្លាំងពលកម្ម។ សមាគមផលិតស្បែកស្បែកជើង និងកាបូបរបស់វៀតណាម (Lefaso) បាននិយាយថា អាជីវកម្មស្បែក និងស្បែកជើងកំពុងជួបការខាតបង់យ៉ាងខ្លាំងដោយសារតែត្រូវបញ្ឈប់ ឬកាត់បន្ថយការផលិត ហើយពួកគេត្រូវប្រឈមនឹងការលុបចោលការបញ្ជាទិញ និងត្រូវចំណាយលើការថែរក្សារោងចក្រ និងការចំណាយដល់កម្មករ។

សមាគមបានបន្ត​ឱ្យដឹងថា ទៀតថា វិធានការរក្សាគម្លាតសង្គមដែលអូសបន្លាយពេល បានបង្ខំឱ្យរោងចក្រស្បែក និងស្បែកជើងចំនួន ៨០% នៅទីក្រុងហូជីមិញ ដុងណៃ ប៊ិញឌួង អានយ៉ាង និងឃៀនយ៉ាង បញ្ឈប់ផលិតកម្ម ព្រោះមិនអាចផ្ដល់កន្លែងស្នាក់នៅសម្រាប់កម្មករនៅកន្លែងធ្វើការ ឬផ្តល់មធ្យោបាយធ្វើដំណើរដើម្បីនាំកម្មករពីកន្លែងស្នាក់នៅរបស់ពួកគេទៅរោងចក្រ ដែលនេះជាហេតុធ្វើឱ្យសហគ្រាស នៅតំបន់ភាគខាងជើងនិងកណ្តាល បានកាត់បន្ថយការផលិតរបស់ខ្លួន ៣០-៥០ ភាគរយ។

លើសពីនេះ បញ្ហាកង្វះកុងតឺន័រ ថ្លៃដើមភស្តុភារ និងការដឹកជញ្ជូនអន្ដរជាតិឡើងខ្ពស់ (៥-១០ ដង) ប្រេងឥន្ធនៈថ្លៃ និងថ្លៃដើមវត្ថុធាតុដើមនាំចូល បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ឧស្សាហកម្មនេះ។ គួរបញ្ជាក់ផងដែរថា វៀតណាមទទួលបានប្រាក់ចំនួន ៨៥០ លានដុល្លារពីការនាំចេញស្បែកជើង និង ១៥០ លានដុល្លារពីកាបូបកាលពីខែសីហាធ្លាក់ចុះ ៣៨.៥% និង ៣៧.៩% ពីមួយឆ្នាំទៅមួយឆ្នាំ នេះ យោងតាម ​​Lefaso៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress