រដ្ឋមន្រ្តីក្រសួងការបរទេសចិន អះអាងថា ចិននឹងនាំចូលផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារចិនឱ្យបានកាន់តែច្រើន ដើម្បីប្រយោជន៍សម្រាប់កសិករខ្មែរ
សេដ្ឋកិច្ច September 13, 2021 Khmernote

ប្រទេសចិន នឹងនាំចូលផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារចិនឱ្យបានកាន់តែច្រើន ដើម្បីប្រយោជន៍សម្រាប់កសិករខ្មែរ នេះដោយយោងតាមការអះអាងរបស់ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន នៅក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងជំនួបនោះដែរ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅក្នុងជំនួបសម្តេចបានលើកបញ្ហាកសិផលជាមួយឯកឧត្តម វ៉ាង យី ស្ដីពីការនាំកសិផលកម្ពុជាត្រង់ទៅកាន់ប្រទេសចិន ដែលក្នុងនោះដូចជាមានប៉ៃលិនជាដើម។ ជាមួយគ្នានោះដែរ សម្តេចតេជោបានមានប្រសាសន៍ថា៖ « ចិនកំពុងបើកទូលាយទីផ្សារ ហើយនៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា- ចិន ដែលនឹងចូលជាធរមាននៅពេលខាងមុខ យើងនឹងអាចប្រើប្រាស់ទីផ្សាររបស់ចិន និងទទួលបានផលប្រយោជន៍ពីទីផ្សាររបស់ចិន។ រាជរដ្ឋាភិបាលកម្ពុជា នឹងប្រឹងប្រែងឱ្យអស់លទ្ធភាព ជាមួយនឹងការប្តេជ្ញាជួយពីមិត្តចិន »។

ឆ្លើយតបនឹងការលើកឡើងនេះ ឯកឧត្តម វ៉ាង យី បានថ្លែងថា ការលំបាករបស់ប្រជាជនកម្ពុជា គឺជាការលំបាករបស់ប្រជាជនចិន យើងនឹងពួតដៃគ្នាជាមួយប្រទេសកម្ពុជា ដើម្បីជួយកម្ពុជាឱ្យបានកាន់តែច្រើន។ ឯកឧត្តម អះអាងថា ចិននឹងគាំទ្រវិស័យកសិកម្មនៅកម្ពុជា។ ប្រទេសចិននឹងនាំចូលផលិតផលកសិកម្មពីប្រទេសកម្ពុជាទៅកាន់ទីផ្សារចិនឱ្យបានច្រើន ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនសម្រាប់កសិករកម្ពុជា៕

អត្ថបទ៖ លីនី