ក្រុងហូជីមិញ មជ្ឈមណ្ឌលសេដ្ឋកិច្ចធំបំផុតរបស់វៀតណាម គ្រោងបើកដំណើរការទាំងស្រុងឡើងវិញនៅខែមករាខាងមុខនេះ
សេដ្ឋកិច្ច September 11, 2021 Khmernote

ទីក្រុងហូជីមិញ មានគម្រោងបើកសកម្មភាពទាំងអស់បន្ទាប់ពីថ្ងៃទី ១៥ ខែមករាឆ្នាំក្រោយ ទោះបីសេវាកម្មកម្សាន្តមួយចំនួននឹងត្រូវបានដាក់កម្រិតចំពោះមនុស្សដែលទទួលថ្នាំបង្ការពេញលេញក៏ដោយ។ នៅក្នុងកិច្ចប្រជុំមួយជាមួយសហគមន៍ធុរកិច្ចនៅថ្ងៃសុក្រ ទីក្រុងនេះបានបង្ហាញពីផែនការបើកជាបីដំណាក់កាលសម្រាប់មនុស្សពីរក្រុម បន្ទាប់ពីថ្ងៃទី ១៥ ខែកញ្ញាឆ្នាំនេះ។

ក្នុងនោះក្រុមទី១ ប្រជាជនដែលបានចាក់វ៉ាក់សាំងពេញលេញ ផលិតអង្គបដិប្រាណបានគ្រប់គ្រាន់ ហើយអ្នកដែលបានជាសះស្បើយពីកូវីដ-១៩ ក្នុងរយៈពេលប្រាំមួយខែចុងក្រោយនេះនឹងត្រូវផ្តល់ប័ណ្ណបៃតង។ ចំពោះ ក្រុមទី២ អ្នកដែលទទួលបានវ៉ាក់សាំងការពារតែមួយដូស និងបានផលិតអង្គបដិប្រាណបានខ្លះៗ នឹងត្រូវផ្តល់ប័ណ្ណពណ៌លឿង។

ជាមួយគ្នានេះ នៅដំណាក់កាលទី ១ ចាប់ពីថ្ងៃទី ១៦ ខែកញ្ញាដល់ថ្ងៃទី ៣១ ខែតុលា អាជីវកម្មខារ៉ាអូខេ និងហាងម៉ាស្សា ក្លឹប បា រង្គសាល កន្លែងទទួលទានអាហារ កន្លែងកីឡា និងកន្លែងកម្សាន្ត រោងកុននិងមជ្ឈមណ្ឌលលក់ទំនិញនឹងនៅតែត្រូវបានបិទ។ អ្នកកាន់ប័ណ្ណបៃតងអាចចូលរួមក្នុងសេវាកម្មផ្សេងទៀតទាំងអស់ ហើយអ្នកកាន់ប័ណ្ណពណ៌លឿងនឹងត្រូវធ្វើតេស្តកូវីដអវិជ្ជមានបន្ថែម ដើម្បីចូលរួមសកម្មភាពផ្សេងៗ។ ដោយឡែកអង្គភាព អាជីវកម្មដែលមាននិយោជិតទាំងអស់ជាអ្នកកាន់ប័ណ្ណបៃតង អាចដំណើរការសេវាកម្មទាំងអស់បាន លើកលែងតែក្រុមហ៊ុនដែលនៅតែត្រូវបានហាមឃាត់។

ដំណាក់កាលទី២ ចន្លោះថ្ងៃទី ៣១ ខែតុលាឆ្នាំ ២០២១ ដល់ថ្ងៃទី ១៥ ខែមករាឆ្នាំ ២០២២ ទីក្រុងនេះត្រូវបានគេរំពឹងថា នឹងបើកសេវាកម្មបន្ថែមដល់អ្នកកាន់ប័ណ្ណបៃតង។ ក្នុងនោះរួមមាន មជ្ឈមណ្ឌលទិញទំនិញ មជ្ឈមណ្ឌលកីឡា កន្លែងកម្សាន្ត កន្លែងទទួលទានអាហារដែលបម្រើមនុស្សតិចជាង ២០ នាក់ក្នុងពេលតែមួយ។

ដំណាក់កាលទី៣ បន្ទាប់ពីថ្ងៃទី១៥ ខែមករាឆ្នាំ២០២២ ទីក្រុងគ្រោងនឹងបើកសេវាកម្មទាំងអស់។ ប៉ុន្តែខារ៉ាអូខេ និងកន្លែងម៉ាស្សា ក្លឹបរ បា និងរង្គសាលអាចបើកបានសម្រាប់អ្នកកាន់ប័ណ្ណបៃតងប៉ុណ្ណោះ។ គួរបញ្ចាក់ផងដែរថា ទីក្រុងហូជីមិញត្រូវបានបិទខ្ទប់ចាប់តាំងពីដើមខែកក្កដា ឆ្នាំ២០២១ ខណៈពេលរកឃើញអ្នកឆ្លងកូវីដ១៩ រហូតដល់ ១,៣១៤ករណី៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress